ខេត្តកណ្តាល ៖ បុរសម្នាក់បានត្រូវប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយប៉ូលិសក្រុងតាខ្មៅចាប់ខ្លួនកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២ កញ្ញា ២០១២ នៅក្នុងផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិព្រែកប្ញស្សី សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ ដោយរឹបអូសបានវត្ថុតាងថ្នាំញៀនម៉ាទឹកកក ចំនួន១៨កញ្ចប់ និងសម្ភារវេចខ្ចប់ចែកចាយមួយចំនួនទៀត ។
លោកគង់ ស៊ីដន នាយការិយាល័យប្រឆាំងគ្រឿងញៀនឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួន ឈ្មោះសោម ដឺលុច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យប៉ូលិសរឹបអូសបានវត្ថុតាងរួមមានថ្នាំញៀន ម៉ាទឹកកកចំនួន១៨កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន២ គ្រាប់កាំភ្លើងកា៥៤ចំនួន៥គ្រាប់ និងសម្ភារសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។
លោកនាយការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងទៀតថា ដោយអនុវត្តតាមបទបញ្ជារបស់លោកស្នងការ និងមានការចង្អុលបង្ហាញពីលោកស្នងការរង និងមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបកម្លាំងជំនាញធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតកំណត់មុខសញ្ញាជនសង្ស័យឈ្មោះសោម ដឺលុច ជាជនសកម្មចែកចាយថ្នាំញៀនរួចមក លោកបានដឹកនាំកម្លាំងនគរបាលការិយាល័យសហការជាមួយនគរបាលក្រុងតាខ្មៅចុះឆែកឆេរផ្ទះជនសង្ស័យនៅភូមិព្រែកប្ញស្សី សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២ កញ្ញា និងចាប់យកបានវត្ថុតាងរួមមានថ្នាំញៀនម៉ាទឹកកកចំនួន១៨កញ្ចប់ស្មើនឹង៤,២០ក្រាម ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន២គ្រឿង គ្រាប់កាំភ្លើងកា៥៤ ចំនួន៥គ្រាប់ ទូរស័ព្ទដៃមួយគ្រឿង និងសម្ភារសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ