រាជធានីភ្នំពេញ ៖ រថយន្តម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ មួយគ្រឿងដែលម្ចាស់ដឹកស្រីស្នេហ៍ចេញពីផឹកបើកបោះពួយបុកក្បាលរបាំងថ្មចែកផ្លូវបណ្តាលឱ្យបាក់ចំនួន៣កង់ ចំណែករថយន្តរងការខូចខាតធ្ងន់ធ្ងរដោយខ្ទេចមុខផ្ទុះពោងការពារសុវត្ថិភាព និងបែកកញ្ចក់ ។ ទោះបីជាយ៉ាងណាអ្នកបើកបររួមទាំងស្ត្រីម្នាក់ដែលគេអះអាងថា ជាស្រីស្នេហ៍នោះពុំមានរងរបួសឡើយ ហើយគេចខ្លួនបាត់ ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ កញ្ញា ២០១២ នៅចំណុចស្តុបម៉ុងឌីយ៉ាល់ តាមបណ្តោយវិថីម៉ៅសេទុង កែងផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
សាក្សីបានឱ្យដឹងថា ដោយសារតែម្ចាស់ស្រវឹងបើករថយន្តក្នុងល្បឿនលឿនក៏ជ្រុលទៅបុកក្បាលរបាំងថ្ម ចែកផ្លូវ បាក់៣កង់តែម្តង។ ភ្លាមនោះអ្នកបើកបររួមនឹងស្ត្រីម្នាក់បានចុះពីលើរថយន្តទាំងព្រលឹងចុងសក់ហើយគេចខ្លួនបាត់ ។ រថយន្តត្រូវប៉ូលិសការិយាល័យចរាចរណ៍ផ្លូវគោកចុះទៅស្ទូចយកទៅរក្សាទុកនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ