ខេត្តកំពង់ស្ពឺ ៖ លោកយាយមេម៉ាយអាយុ៦៥ឆ្នាំម្នាក់ត្រូវឃាតករមិនស្គាល់មុខវាយសម្លាប់យ៉ាងសាហាវបំផុត ហើយដោះយកក្រវិលមាសមួយគូទម្ងន់៥ហ៊ុនទៅបាត់ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ កញ្ញា ២០១២ នៅផ្ទះស្ថិតក្នុងភូមិបាយស្រា ឃុំទំព័រមាស ស្រុកសំរោង ។
ប្រភពពីអ្នកជិតខាងឱ្យដឹងថា លោកយាយរងគ្រោះឈ្មោះគង់ ផុន អាយុ៦៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។ មុនពេលកើតហេតុពួកគាត់បានឮសំឡេងអូយៗ តែពីរម៉ាត់ក៏ស្ងាត់បាត់ទៅដោយពុំមានអ្នកណាអើពើ ឬស្មានថា ជាករណីប្លន់សម្លាប់បែបនេះសោះ ។ លុះពេលព្រឹកវេលាម៉ោង៧និង៣០នាទីថ្ងៃទី៣ កញ្ញា ២០១២ ដោយពុំឃើញយាយគង់ ផុន ភ្ញាក់ពីដេកចៅស្រីគាត់ម្នាក់ឈ្មោះហុន ផាន់ណា អាយុ១០ឆ្នាំ បានចូលទៅដាស់ ដើម្បីយកមុងភួយគាត់ទៅបោកគក់ស្រាប់តែឃើញជីដូនដេកស្លាប់ផ្កាប់មុខអង្កុញជើងឡើងលើ និងដៃទាំង២ចងស្លាបសេកទៅក្រោយ ក៏រត់ទៅប្រាប់បងប្អូនអ្នកជិតខាងឱ្យមកជួយមើល ។ ប្រភពបន្តទៀតថា លោកយាយមេម៉ាយ គង់ ផុន មានកូនប្រុស២នាក់ តែកូនៗទៅធ្វើការនៅស្រុកឆ្ងាយអស់ហើយ ដោយទុកគាត់នៅម្នាក់ឯងក្នុងផ្ទះតៀម និងមានចៅស្រីម្នាក់ចេញចូលតែពេលថ្ងៃប៉ុណ្ណោះ ។
លោកអនុសេនីយ៍ឯក ហែម ផាន អធិការរងនគរបាលស្រុកសំរោងទង និយាយថា សពលោកយាយរងគ្រោះ បន្ទាប់ពីមន្ត្រីបច្ចេកទេសឱ្យដឹងថា លោកយាយត្រូវឃាតករវាយនឹងអង្កត់ឈើចំថ្គាម ស្លាបប្រចៀវ ខ្នង បាក់ជើង និងបាក់ឆ្អឹងជំនីរឆ្វេងរហូតស្លាប់បាត់បង់ជីវិត៕
ចែករំលែកព័តមាននេះ