រាជធានីភ្នំពេញ ៖ វេលាម៉ោងជាង២រសៀលថ្ងៃទី៣ កញ្ញា ២០១២នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញហើយ បន្ទាប់ពីសម្តេចបានដឹកនំាមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយក្រុមអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលលើកទី១៦ នៃប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ ដែលបានប្រារព្ធធ្វើពីថ្ងៃទី៣០ ដល់៣១ សីហា នៅទីក្រុងតេអេរ៉ង់ សាធារណរដ្ឋអុីស្លាមអីុរ៉ង់ និងបានអញ្ជើញទៅចូលរួមពិព័រណ៍ចិន-អាស៊ីអឺរ៉ុបលើកទី២ នៅប្រទេសចិននោះរួចមក ។
ការអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅប្រទេសអីុរ៉ង់នេះ គឺធ្វើឡើងតាមការអញ្ជើញរបស់លោកបណ្ឌិតម៉ាមូដ អាម៉ាឌី ណេចាដ ប្រធានាធិបតីនៃសាធារណរដ្ឋអុីស្លាមអីុរ៉ង់់ ។ គណៈប្រតិភូអមដំណើរសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមានលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង សមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងកិច្ចប្រជុំកំពូលលើកទី១៦ នៃប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងសុន្ទរកថាគន្លឹះមួយក្នុងនាមជាប្រទេសស្ថាបនិកមួយនៃចលនាដែលបង្កើតឡើងកាលពីឆ្នាំ១៩៦១នោះ ។ ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជួបពិភាក្សាការងារទ្វេភាគីផងដែរជាមួយលោកបណ្ឌិត ម៉ាមូដ អាម៉ាឌី ណេចាដ ប្រធានាធិបតីនៃសាធារណរដ្ឋអុីស្លាមអីុរ៉ង់់ ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី១៦ នៃប្រទេសចលនាមិនចូលបក្សសម្ព័ន្ធខាងលើ តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានដឹកនំាគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមពិព័រណ៍ចិន-អាស៊ីអឺរ៉ុបលើកទី២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ ៥ កញ្ញា ២០១២ នៅទីក្រុងអ៊ូរុំឈី តំបន់ស្វ័យត ស៊ីនជាំងអ៊ុយហ្គ័រ សាធារណរដ្ឋប្រជាមានិតចិន ។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងអ៊ូរុំឈី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោកវេន ជាបាវ នាយករដ្ឋមន្រ្តី នៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។ កាលពីថ្ងៃទី០២ កញ្ញា ២០១២ម្សិលមិញ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអញ្ជើញចូលរួមបើកពិព័រណ៏ចិន-អាស៊ីអឺរ៉ុបលើកទី២ ដែលបានប្រារព្ធធ្វើនៅទីក្រុងអ៊ូរុំឈី តំបន់ស្វ័យតស៊ីនជាំងអ៊ុយហ្គ័រ សាធារណ រដ្ឋប្រជាមានិតចិននោះផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ