រាជធានីភ្នំពេញ ៖ បុរស២នាក់បានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ឯម្នាក់ទៀតរងរបួសស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូស្មាសពណ៌ខ្មៅលាយសមួយគ្រឿងជិះដោយបុរស២នាក់ក្នុងល្បឿនលឿនហើយជ្រុលចង្កូតទៅបុកម៉ូតូសង់កូរ៉េពណ៌ក្រហមមួយគ្រឿងទៀតជិះដោយបុរសម្នាក់បើកបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹង កាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី២ កញ្ញា តាមផ្លូវឌួងងាប សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខភោជនីយដ្ឋានគីមម៉ាន់ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ម៉ូតូស្មាសពណ៌សលាយខ្មៅមួយគ្រឿងជិះដោយបុរស២នាក់មិនស្គាល់អត្តសញ្ញាណបានបើកយ៉ាងលឿនតាមផ្លូវឌួងងាបក្នុងទិសដៅពីត្បូងទៅជើងពេលមកដល់កន្លែងកើតហេតុព្យាយាមបើកវ៉ាម៉ូតូមួយគ្រឿងនៅពីមុខក៏ជ្រុលចង្កូតទៅបុកម៉ូតូសង់កូរ៉េពណ៌ក្រហមមួយគ្រឿងជិះដោយបុរសម្នាក់ដែលបើកបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹងបណ្តាលឱ្យម៉ូតូទាំង២គ្រឿងជួលប្រាវទៅលើថ្នល់ធ្វើឱ្យបុរសម្នាក់ជិះពីក្រោយម៉ូតូស្មាសដួលបោកក្បាលទៅនឹងថ្នល់ហូរឈាមត្រូវរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ឯអ្នកបើកម៉ូតូស្មាសរបួសស្រាល ។
ចំណែកបុរសបើកម៉ូតូសង់កូរ៉េបានដួលបោកក្បាលទៅលើថ្នល់ហើយត្រូវម៉ូតូរបស់គាត់សង្កត់ពីលើទៀតកាន់តែរបួសធ្ងន់ស្ទើរតែរថយន្តសាមុយមិនហ៊ានដឹកយកទៅសង្គ្រោះផង ។ក្រោយពេលកើតហេតុប៉ូលិសចរាចរបានចុះទៅវាស់វែង និងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ៕
ចែករំលែកព័តមាននេះ