ខេត្តកណ្តាល ៖ រថយន្តដឹកបន្លែ ម៉ាកហ្វុ៊យហ្សូ មួយគ្រឿង បានបែកកង់ក្រោយផ្នែកខាងឆ្វេង បណ្តាលឱ្យក្រឡាប់ផ្ងារជើងច្រងាងនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៣ កញ្ញា ។
ប្រភពព័ត៌មានពីកន្លែងហេតុបានឱ្យដឹងថា មុនពេលកើតេហតុរថយន្តខាងលើដឹកបន្លែមកពីក្រុងបាវិត ខេត្តស្វាយរៀង យកមកលក់នៅផ្សារដើមគ រាជធានីភ្នំពេញ លុះមកដល់ភូមិសាស្ត្រខាងលើ ក៏បែកកង់ក្រោយក្រឡាប់ផ្ងារជើងមើលទៅគួរឱ្យញាក់សាច់ បំផុត ។ ប្រភពដដែលបានឱ្យដឹងថា ក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសឡើយ ដោយសាររថយន្តដឹកបន្លែនេះបើកបរក្នុងល្បឿនធម្មតា ម៉្យាងទៀតដោយសារវេលាកើតហេតុខាងលើនេះ មិនសូវមានមនុស្សម្នាធ្វើដំណើរតាមដងផ្លូវ ។
នេះជាលទ្ធផលនៃការបើកបរដែលមិនបានពិនិត្យសម្បកកង់រថយន្តឱ្យបានត្រឹមត្រូវ ។ អ្នកបើកបរយានយន្តមួយចំនួន បើទោះជាដឹងថា សម្បកកង់រថយន្តរបស់ខ្លួនចាស់ៗ ឬប្រព័ន្ធហ្រ្វាំងមិនសូវធានាក៏នៅតែធ្វេសប្រហែសដដែល ។ ពិតជាគ្រោះថ្នាក់ណាស់៕
ចែករំលែកព័តមាននេះ