រាជធានីភ្នំពេញ ៖ រថយន្តកាមរីបាឡែន ពណ៌ស មួយគ្រឿង បានបើកបុកបង្គោលភ្លើងទ្រេតធ្វើឱ្យដាច់ចរន្តអគ្គិសនីតាមផ្ទះប្រជាពលរដ្ឋ ហើយរថយន្តនោះបើករត់បាត់ស្រមោល កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ កញ្ញានៅខាងក្រោយវិទ្យាល័យបាក់ទូក តាមផ្លូវលេខ១៦៩ កែងផ្លូវលេខ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
សន្តិសុខយាមនៅជិតកន្លែងកើតេហតុឱ្យដឹងថា រថយន្តបង្កហេតុខាងលើនេះ បានសំដៅមកបម្រុងបុករូបគេដែលកំពុងអង្គុយយាមម្នាក់ឯង តែសំណាងល្អ អ្នកបើកបរបួងចង្កូតគេចក៏ទៅបុកបង្គោលភ្លើងបណ្តាលឱ្យទ្រេត និងដាច់ចរន្តអគ្គិសនី រួចរថយន្តបើករត់បាត់ស្រមោល ។
ប្រភពដដែលបន្តថា រថយន្តបង្កខាងលើម៉ាកកាមរីបាឡែន ពណ៌ខ្មៅ បើកតាមបណ្តោយផ្លូវលេខ១៦៩ ពីត្បូងទៅជើង ខណៈមកដល់ចំណុចផ្លូវកែងក្រោយវិទ្យាល័យបាក់ទូក រថយន្តបត់ស្តាំឆ្ពោះទៅផ្លូវលេខ១៦៤ តែដោយសារបើកលឿនពេកបួងចង្កូតមិនទាន់បានជ្រុលទៅបុកបង្គោលភ្លើងបណ្តាលឱ្យដាច់អគ្គិសនីតាមផ្ទះប្រជាពលរដ្ឋនៅតាមផ្លូវលេខ១៦៤ រួចរថយន្តបើករត់ឆ្ពោះទៅទិសខាងកើតបាត់តែម្តង ។
ទោះបីជាយ៉ាងណា សន្តិសុខរូបនោះបានកត់ស្លាកលេខរថយន្តបង្កនោះឱ្យសមត្ថកិច្ចដើម្បីស្រាវជ្រាវរករថយន្តបង្កខាងលើសងការខូចខាតបង្គោលភ្លើង ៕
ចែករំលែកព័តមាននេះ