រាជធានីភ្នំពេញ ៖ រថយន្តដឹកទំនិញម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងកំពុងធ្វើដំណើរសុខៗជាន់ហ្វ្រាំងមិនស៊ីហើយអ្នកបើកបរបានបង្ខំចិត្តទាញចង្កូតគេចម៉ូតូទៅបុករថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅរបស់លោកឧត្តមសេនីយ៍ទោកងរាជអាវុធហត្ថ និងជ្រុលទៅបុករថយន្តម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅមួយគ្រឿងទៀតរបស់លោកឧត្តមសេនីយ៍ប៉ូលិសពីក្រោយបណ្តាលឱ្យរថយន្តទាំង២គ្រឿងរងការខូចខាតធ្ងន់ធ្ងរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី ២ កញ្ញា នៅតាមមហាវិថីសេនាប្រមុខ គឹម អីុលស៊ុង មុខផ្សារ៧មករា សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរណ៍អ្នកបើករថយន្តដឹកទំនិញរួមទាំងព្រូបានបើកគេចប្រមាណ១០០ម៉ែត្រហើយនាំគ្នាកល់រថយន្តរួចរត់គេចខ្លួនបាត់ ។
តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សដឹកទំនិញសំពីងសំពោងមួយគ្រឿងបានបើកតាមមហាវិថីសេនាប្រមុខគឹម អីុលស៊ុង ក្នុងទិសដៅពីត្បូងទៅជើង ពេលធ្វើដំណើរហួសរង្វង់មូលទួលគោកជិតដល់មុខផ្សារ៧មករា ស្រាប់តែរថយន្តជាន់ហ្វ្រាំងលែងស៊ីធ្វើឱ្យអ្នកបើកបរភ័យស្លន់ស្លោប្រឹងបួងចង្កូតគេចម៉ូតូក៏រេចង្កូតទៅឆ្វេងដៃបុកចំទ្វារ និងកង់មុខរថយន្តឡិចស៊ីស៥៧០ ពណ៌ខ្មៅដែលគេស្គាល់ថា ជារថយន្តរបស់លោកឧត្តមសេនីយ៍ទោ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ប្រភពបន្តថា បន្ទាប់ពីបុករថយន្តម៉ាកឡិចស៊ីស៥៧០រួចរថយន្តបង្កមិនទាន់អស់ល្បឿនទេបានរេចង្កូតមកស្តាំដៃវិញបុកពីក្រោយរថយន្តម៉ាកឡិចស៊ីស៤៧០ សេ៊រី២០០២ ពណ៌ខ្មៅ ដែលជារថយន្តរបស់លោកឧត្តមសេនីយ៍ប៉ូលិសនៅក្រសួងមហាផ្ទៃ ។
បន្ទាប់ពីជួបគ្រោះថ្នាក់រថយន្តដឹកទំនិញបានបើកគេចពីកន្លែងកើតហេតុប្រមាណ១០០ម៉ែត្រហើយក៏នាំគ្នាយកឈើកល់កង់រថយន្តហើយគេចខ្លួនបាត់ ។ តាមសម្តីព្រូរថយន្តដែលត្រឡប់មកវិញបានឱ្យដឹងថា រថយន្តបានដឹកទំនិញពីផ្សារអូរឫស្សីក្នុងគោលបំណងទៅខេត្តរតនគិរី ។ ពេលបើកដល់កន្លែងកើតហេតុស្រាប់តែរថយន្តជាន់ហ្វ្រាំងលែងស៊ី ស្របពេលនោះមានម៉ូតូនៅពីមុខផងអ្នកបើកបរបានទាញចង្កូតគេចក៏ជ្រុលទៅបុករថយន្តឡិចស៊ីស៥៧០ ហើយទាញចង្កូតត្រឡប់មកវិញហួសបុករថយន្តម៉ាកឡិចស៊ីស៤៧០មួយគ្រឿងទៀត ។
នៅយប់នោះគេឃើញរថយន្តម៉ាកឡិចស៊ីស៥៧០របស់ឧត្តមសេនីយ៍កងរាជអាវុធហត្ថបានបើកទៅបាត់ដោយឱ្យតំណាងមកចាំដោះស្រាយ និងមានវត្តមានកងរាជអាវុធហត្ថជាច្រើនចូលរួម ។ ទោះជាយ៉ាងណាមិនមានដំណោះស្រាយហើយរថយន្តឡិចស៊ីសលោកឧត្តមសេនីយ៍ប៉ូលិសបានត្រឡប់ទៅផ្ទះដែរ រង់ចាំមកដោះស្រាយពេលព្រឹក ។ ចំណែករថយន្តដឹកទំនិញត្រូវប៉ូលិសចរាចរផ្លូវគោកបញ្ជូនទៅកាន់ការិយាល័យដើម្បីដោះស្រាយសងការខូចខាតរថយន្តទាំង២គ្រឿងតាមការខូចខាតជាក់ស្តែង ៕
ចែករំលែកព័តមាននេះ