រាជធានីភ្នំពេញ ៖ រថយន្តដឹកទំនិញម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងកំពុងធ្វើដំណើរសុខៗបានដាច់ទុយោហ្វ្រាំង អ្នកបើកបរបានបង្ខំចិត្តទាញចង្កូតគេចពីម៉ូតូក៏ទៅបុករថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅ របស់លោកឧត្តមសេនីយ៍ទោ កងរាជអាវុធហត្ថ រួចជ្រុលទៅបុករថយន្តម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ មួយគ្រឿងទៀតរបស់លោកឧត្តមសេនីយ៍ ប៉ូលិសពីក្រោយបណ្តាលឱ្យរថយន្តរបស់លោកឧត្តមសេនីយ៍ទាំង២គ្រឿងរងការខូចខាតធ្ងន់ធ្ងរ ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី២ កញ្ញា ២០១២ នៅតាមបណ្តោយមហាវិថីសេនាប្រមុខគឹមអីុលស៊ុង មុខផ្សារ៧ មករា សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបររថយន្តដឹកទំនិញរួមទាំងព្រូបើកបានប្រមាណ១០០ម៉ែត្រ ក៏នាំគ្នាកល់រថយន្តរត់គេចខ្លួនបាត់ ។
តាមសាក្សីឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ដឹកទំនិញសំពីងសំពោងមួយគ្រឿងបានធ្វើដំណើរតាមបណ្តោយមហាវិថីសេនាប្រមុខគឹមអីុលស៊ុង ក្នុងទិសដៅពីត្បូងទៅជើង ហួសរង្វង់មូលទួលគោកជិតដល់មុខផ្សារ៧មករា មិនដឹងមូលហេតុអ្វី ស្រាប់តែរថយន្តបានរេចង្កូតទៅខាងឆ្វេងដៃបុកចំទ្វារ និងកង់មុខរថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅ ដែលគេស្គាល់ថា ជារថយន្តរបស់លោកឧត្តមសេនីយ៍ទោ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ នេះបើតាមការឱ្យដឹងពីសមត្ថកិច្ច ។ តាមព័ត៌មានបន្តថា បន្ទាប់ពីបុករថយន្តម៉ាកឡិចស៊ីស៥៧០ រថយន្តបានរេចង្កូតមកស្តាំដៃវិញទៅបុកចំពីក្រោយរថយន្តម៉ាកឡិចស៊ីស៤៧០ ស៊េរី២០០២ ពណ៌ខ្មៅ មួយគ្រឿងទៀតដែលជារថយន្តរបស់លោកឧត្តមសេនីយ៍ ប៉ូលិសនៅក្រសួងមហាផ្ទៃ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ