រាជធានីភ្នំពេញ ៖ ម្លិះជាផ្កាមួយប្រភេទដែលមានក្លិនក្រអូបសាយ មានស្លឹកពណ៌បៃតងស្រស់ និងផ្កាពណ៌ស មិនថារដូវក្តៅ រដូវរងា ឬរដូវភ្លៀងឡើយ គឺចេញផ្កាគ្រប់រដូវ ហើយផ្ការបស់វាមានប្រយោជន៍ច្រើនដូចជា សម្រាប់បូជាព្រះ លម្អក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗ ។ មិនតែប៉ុណ្ណោះ ម្លិះអាចយកវាដាក់លាយជាមួយតែ ដើម្បីឱ្យមានក្លិនក្រអូប និងលាយជាមួយទឹកអប់ និងគ្រឿងក្រអូបផ្សេងៗទៀតបានដែរ ។
ស្ត្រីម្នាក់មានមាឌមាំ សក់ល្បាយអាចម៍ខ្លា ស្បែកជ្រីវជ្រួញបន្តិច ឈ្មោះឡុង បូរ៉ាន់ រស់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ កំពុងអង្គុយលើកៅអី ដែលនៅខាងមុខផ្ទះគាត់មានកម្រងផ្កាជាច្រើនបានប្រាប់កោះសន្តិភាពឱ្យដឹងថា គាត់ជាអ្នកដាំផ្កាម្លិះម្នាក់នៅក្នុងភូមិ ។ ការថែទាំដំណាំម្លិះនេះ គឺងាយស្រួលដាំ និងថែទាំណាស់ ដំបូងយើងគ្រាន់តែកាប់ដី ឬភ្ជួររាស់ឱ្យម៉ត់ និងហាលវាទុកចន្លោះពីកន្លះខែទៅមួយខែ ឬក៏ច្រើនជាងនេះក៏បាន បន្ទាប់មកយើងកាប់រណ្តៅដាក់ជី ហើយប្រភេទជីយើងដាក់ជីអ្វីក៏បាន រួចយកកូនម្លិះដែលគេបណ្តុះ ឬផ្សាំ មកដាក់ដាំ បន្ទាប់មកស្រោចទឹកឱ្យបានរាល់ថ្ងៃបើសិននៅរដូវប្រាំង ។ ស្ត្រីខាងលើបន្តថា បន្ទាប់ពីដាំហើយយើងគ្រាន់តែស្រោចទឹកវា និងជម្រះស្មៅឱ្យស្អាតក្នុងរយៈពេលតែមួយ ឬពីខែ យើងអាចទទួលផលផ្កាពីវាបានហើយ តែគ្រាន់តែវាមានផ្កាតិចតួចមិនទាន់បានច្រើន លុះចាប់ពី៦ ទៅ៧ខែ ឬមួយឆ្នាំវាអាចឱ្យផលផ្កាច្រើន ។ ចំពោះផ្ការបស់វាយើងអាចបេះជារៀងរាល់ថ្ងៃ ព្រោះវាមានផ្កាគ្រប់រដូវ តែរដូវដែលវាមានផ្កាច្រើននោះ គឺរដូវភ្លៀង ប៉ុន្តែបើទឹកច្រើនពេក ឬលិចទឹកវាអាចនឹងងាប់បាន ។
ចំណែកស្ត្រីម្នាក់ទៀត ឈ្មោះចែ ភោ ជាអ្នកភូមិនោះដែរក៏បានប្រាប់ថា រាល់ថ្ងៃគាត់អាចប្រមូលផលផ្កាម្លិះចាប់ពី៨ទៅ១០គីឡូក្រាមទៅតាមចំនួនដើមចាប់ពី៨០០ទៅ១០០០ដើម ។ ស្រ្តីចែភោ បន្តថា ចំណូលប្រចាំថ្ងៃអាចធ្វើឱ្យគ្រួសាររបស់គាត់មានជីវភាពធូរធារ ។ ផ្កាម្លិះដែលគាត់ថ្លឹងលក់ឱ្យម៉ូយ គឺសម្រាប់យកទៅចាក់ធ្វើជាកម្រង ជាភួងផ្កាផ្សេងៗ ដូចជាភួងដែលគេដាក់តាមរថយន្ត ឬថ្វាយព្រះនៅរៀងរាល់ថ្ងៃសីលជាដើម ។ ចំពោះតម្លៃរបស់ផ្កាម្លិះមានតម្លៃខ្ពស់នៅរដូវមានបុណ្យទានច្រើន ជាពិសេសនៅរដូវដែលប្រជាពលរដ្ឋខ្មែររៀបចំពិធីមង្គលការកូនប្រុសស្រី ដែលតម្លៃរបស់វាអាចឡើងដល់៦ម៉ឺុនរៀលទៅ៧ម៉ឺនរៀលក្នុងមួយគីឡូក្រាម តែបើមិនមែនជារដូវមានបុណ្យទានទេ វាធ្លាក់ថ្លៃមកត្រឹមតែ១ម៉ឺនរៀលទៅ១.៥០០រៀលប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋក្នុងភូមិព្រែកថ្មី និងភូមិកោះក្របី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ ភាគច្រើនជាអ្នកចម្ការ ហើយប្រជាពលរដ្ឋទាំងនោះនិយមដាំផ្កាម្លិះ ប៉ុន្តែពួកគាត់ក៏មានដាំដំណាំហូបផ្លែផ្សេងៗទៀតដែរ ដូចជាស្វាយ ចេក ត្របែក ជាដើម ហើយជីវភាពរសនៅរបស់ប្រជាពលរដ្ឋទាំងនោះមានភាពធូរធារច្រើន ៕
ចែករំលែកព័តមាននេះ