រាជធានីភ្នំពេញ ៖ ជនប្រដាប់អាវុធ២នាក់ធ្វើសកម្មភាពភ្ជង់ដោយកាំភ្លើងខ្លីសំដៅលើលោកឧកញ៉ា ឡោក ហួរ ប្រធានក្រុមទីប្រឹក្សាជំនួយការសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមប្រធានព្រឹទ្ធសភាកម្ពុជានៅក្នុង ខណៈពេលដែលលោកឧកញ៉ារួមជាមួយអង្គរក្សម្នាក់ និងមន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ឯកម្នាក់ទៀតទៅមើលដីរបស់លោកនៅបឹងជើងឯក កាលពីវេលាម៉ោងប្រហែល៤និង៤០នាទីល្ងាចថ្ងៃទី២ កញ្ញា ឆ្នាំ២០១២ នៅចំណុចដីរបស់លោកដែលមានទីតាំងស្ថិតនៅជិតបឹងជើងឯក ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។ ទោះបីជាបែបណាលោកឧកញ៉ារួមជាមួយ និងលោកឧត្តមសេនីយ៍ម្នាក់ទៀតមិនមានរងរបួសនោះទេ ប៉ុន្តែអង្គរក្សរបស់លោកម្នាក់បានរងរបួសដោយគ្រាប់កាំភ្លើងខ្លី២គ្រាប់ចំត្រង់ដៃឆ្វេង១គ្រាប់ និងជើងស្តាំ១គ្រាប់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដើម្បីសង្គ្រោះបន្ទាន់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើលោកឧកញ៉ាឡោក ហួរទាំងលោកឧត្តមសេនីយ៍នគរបាលនៅក្រសួងមហាផ្ទៃ និងអង្គរក្សបានជិះរថយន្តចេញពីរាជធានីឆ្ពោះទៅកាន់ដីរបស់លោកនៅជិតបឹងជើងឯកត្រង់ចំណុចកើតហេតុខាងលើ ដែលតាមគេដឹងកន្លងមក នៅរៀងរាល់ចុងសប្តាហ៍លោកតែងតែទៅកាន់ទីនោះ ។ លោកឧកញ៉ាក៏ចូលចិត្តលេងបាល់ទាត់ជាមួយអ្នកស្រុកនៅទីនោះ និងអ្នកដែលសិទ្ធជាមួយនឹងលោកផងដែរ ។
ប្រភពដដែលបានបន្តទៀតថា ចំពោះក្រុមខ្មាន់កាំភ្លើងទាំងពីរនាក់នោះ ទំនងជាជិះម៉ូតូតាមលោកឧកញ៉ាតាំងពីភ្នំពេញមកម៉្លេះ ហើយនៅពេលលោកឧកញ៉ាចុះដើរចេញពីរថយន្តបានមួយសន្ទុះពួកជនប្រដាប់អាវុធបានជិះម៉ូតូទៅដល់ ហើយជនម្នាក់បានចុះដើរចូលទៅរកហាក់ដូចចង់សម្តែងការគួរសមចាប់ដៃលោកឧកញ៉ា ឯបក្សពួកម្នាក់ទៀតបានដកកាំភ្លើងខ្លីភ្ជង់ ។ ពេលឃើញបែបនេះ អង្គរក្សរបស់លោកដែលដើរពីក្រោយបានរត់ចូលទៅជួយក៏ត្រូវជនដែលកាន់កាំភ្លើងខ្លីបាញ់ប្រហារមកលើបណ្តាលឱ្យត្រូវដៃមួយគ្រាប់ និងជើងមួយគ្រាប់របួសដួលតែម្តងមិនអាចតបតបាន ។ បន្ទាប់មកជនទាំងនោះបាននាំគ្នារត់ឡើងជិះម៉ូតូគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។
ក្រោយពេលស្នូរកាំភ្លើងផ្ទុះសមត្ថកិច្ចមូលដ្ឋានបានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ប៉ុន្តែក្រុមជនប្រដាប់អាវុធទាំងនោះបានគេចអស់បាត់ទៅហើយ ។ ទាក់ទិនទៅនឹងហេតុការណ៍នោះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ជាអំពើប្លន់ ឬជាការតាមធ្វើឃាតនោះនៅឡើយទេ ប៉ុន្តែសង្ស័យជាអំពើប្លន់ច្រើនជាង ។
តាមប្រភពព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែតដែលអង្គរក្សរបស់លោកឧកញ៉ាកំពុងត្រូវបានសង្គ្រោះបានឱ្យដឹងថា អង្គរក្សដែលរបួសឈ្មោះ ប៉ុល ធា អាយុ៣៧ឆ្នាំ មានទីលំនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ អង្គរក្សរូបនេះនិយាយរៀបរាប់ខ្លះៗឱ្យដឹងថា លោកមិនបានយកកាំភ្លើងទៅតាមខ្លួននោះទេត្រូវបានខ្មាន់កាំភ្លើងបាញ់របួសភ្លៅមួយគ្រាប់និងដើមដៃស្តាំមួយគ្រាប់ ។ របួសនេះមិនប៉ះពាល់ដល់អាយុជីវិតទេត្រូវបានគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលភ្លាមៗដែរ ។
ចំពោះសកម្មភាពរបស់ក្រុមខ្មាន់កាំភ្លើងនេះត្រូវបានអង្គរក្សដែលរងរបួសសន្មត់ថា ជាចោរប៉ុនប៉ងប្លន់យកគ្រឿងអលង្ការដែលមានជាប់នឹងខ្លួនលោកឧកញ៉ា ដោយបាញ់មកលើរូបខ្លួនមុនទំនងជាយល់ថា រូបគេជាអង្គរក្សអាចតដៃដោយអាវុធ ។ ទោះបីជាបែបណា ការផ្ទុះអាវុធនោះក្រុមចោរភ័យខ្លាចរត់មិនទាន់ ក៏នាំគ្នារត់ឡើងម៉ូតូជិះគេចខ្លួនបាត់តែម្តង ។
សកម្មភាពនេះតាមការសន្និដ្ឋានជំហានដំបូងបានសន្មត់ថាអាចជាការប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិដែលមានជាប់នឹងខ្លួនរបស់លោកឧកញ៉ាតែការប៉ុនប៉ងនោះមិនបានសម្រេចនោះទេ ។ ចំពោះការមន្ទិលសង្ស័យថាជាការប៉ុនប៉ងធ្វើឃាតលោកឧកញ៉ានោះទំនងជាមិនអាចទៅរួចទេ ព្រោះក្រុមខ្មាន់កាំភ្លើងទាំងនោះមិនបានសំដៅឆក់យកជីវិតលោកឧកញ៉ាទេគឺមានបំណងផ្តួលអង្គរក្សដើម្បីប្លន់ប៉ុណ្ណោះ ហើយការបាញ់អង្គរក្សទៀតសោតក៏មិនមានគោលដៅសម្លាប់នោះទេ ព្រោះការបាញ់សំដៅបំបាក់ជើងខ្លាចមានការតបតប៉ុណ្ណោះ។ ទោះបីជាបែបនេះក្តីគឺជាការសន្និដ្ឋានជំហានដំបូង នៅក្រោយពេលកើតហេតុនារសៀលថ្ងៃដដែល ។ ចំណែកលោកឧកញ៉ា ឡោក ហួរ ភ្លាមៗកោះសន្តិភាពពុំអាចសុំរកការបំភ្លឺបានឡើយ ៕
ចែករំលែកព័តមាននេះ