ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ប្រលង​ជាប់​យក​ដង្វាយ​ថ្វាយ​លោកតា​ដំបង​គ្រញូង​

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ក្រោយ​ពី​លទ្ធផល​នៃ​ការ​​ប្រលង​​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​​​(​បាក់​ឌុប) ​​ឆ្នាំ​នេះ​ ត្រូវ​បាន​​​ប្រកាស​​ឱ្យ​ដឹង​កាល​ពី​ព្រឹក​​ថ្ងៃទី​​​១ កញ្ញា​​​ គេ​ឃើញ​​យុវ​សិស្ស​​​ដែល​ប្រលង​ជាប់​​​បាន​បង្ហាញ​ក្តី​សប្បាយ​​​​រីក​រាយ​​ក្រៃ​លែង​​​ ខណៈ​ដែល​​​យុវ​សិស្ស​​​ប្រលង​ធ្លាក់​​សើច​«សេះ» និង​ខ្លះ​ដួល​​សន្លប់​ ឯខ្លះ​ទៀត​សម្រក់​ទឹក​ភ្នែក​​​នៅចំពោះ​មុខ​មិត្ត​​រួម​ថ្នាក់​​​ពេលកំពុង​​​ឈរ​ស្តាប់​​​លទ្ធផល​ ដែល​បាន​​ប្រកាស​​តាម

ខេត្ត​បាត់​ដំបង ៖ ក្រោយ​ពី​លទ្ធផល​នៃ​ការ​​ប្រលង​​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​​​(​បាក់​ឌុប) ​​ឆ្នាំ​នេះ​ ត្រូវ​បាន​​​ប្រកាស​​ឱ្យ​ដឹង​កាល​ពី​ព្រឹក​​ថ្ងៃទី​​​១ កញ្ញា​​​ គេ​ឃើញ​​យុវ​សិស្ស​​​ដែល​ប្រលង​ជាប់​​​បាន​បង្ហាញ​ក្តី​សប្បាយ​​​​រីក​រាយ​​ក្រៃ​លែង​​​ ខណៈ​ដែល​​​យុវ​សិស្ស​​​ប្រលង​ធ្លាក់​​សើច​«សេះ» និង​ខ្លះ​ដួល​​សន្លប់​ ឯខ្លះ​ទៀត​សម្រក់​ទឹក​ភ្នែក​​​នៅចំពោះ​មុខ​មិត្ត​​រួម​ថ្នាក់​​​ពេលកំពុង​​​ឈរ​ស្តាប់​​​លទ្ធផល​ ដែល​បាន​​ប្រកាស​​តាម​មណ្ឌល​ប្រលង​​​នីមួយ​ៗ​​​នៅក្នុង​ក្រុង​​បាត់​ដំបង​ ។

ចាប់​តាំង​​ពី​រសៀល​​រហូត​ដល់​​យប់​​នៃ​ថ្ងៃ​ប្រកាស​​​លទ្ធផល​ប្រលង​ គេ​ឃើញ​​​យុវ​សិស្ស​​​ប្រុស​​ ស្រី​ដែល​​​ប្រលង​ជាប់​​​រាប់​រយ​នាក់​​​នាំគ្នា​​​លុត​ជង្គង់​​នៅ​ចំពោះ​មុខ​​​រូប​សំណាកលោកតា​ដំបង​​​​គ្រញូង​​ជាថ្មី​ម្តង​ទៀត​ ក្នុង​ទឹក​មុខ​​សប្បាយ​រីក​រាយ​​​ជាមួយ​នឹង​តង្វាយ​​​ផ្លែ​ឈើ​ មាន់​ស្ងោរ​ មាន់​ដុត​ ច្រើន​​សន្ធឹក​សន្ធាប់​​​​ ដើម្បីថ្វាយ​​​និង​អុជ​ធូប​​​​រំលឹកគុណ​​លោក​តា​ដំបូង​គ្រញូង​​​តាម​ការ​សន្យា​​​ដែល​ពួកគេ​​​ជឿថា មហិទ្ធិឫទ្ធិ​​​ដ៏​ពូកែ​​​ស័ក្តិ​សិទ្ធិ​របស់​លោក​តា​​គឺ​ជាផ្នែក​មួយ​​​ជួយឱ្យ​ពួកគេ​​​បាន​ប្រលង​ជាប់​ ខណៈ​ដែល​​យុវ​សិស្ស​​​ប្រលង​ធ្លាក់​​​គេ​ច​មុខ​​​មិនហ៊ាន​​​មក​ក្បែរ​រង្វង់​មូល​រូប​សំណាក​​លោក​​តា​​​ដំបង​​គ្រញូង​ឡើយ។ ពិត​ណាស់​​​​ លោក​តា​ដំបូង​​​​គ្រញូង​​ ពិត​ជា​​ជួយ​ឱ្យ​ប្រលង​ជាប់​​​ បើ​សិន​​ជា​​​អ្នក​ប្រលង​​ប្រឹង​ជួយ​ខ្លួន​ឯង​នោះ ។

នៅ​ចំពោះ​មុខ​​រូប​សំណាក​​​លោក​តា​ដំបង​​គ្រញូង​​ យុវ​សិស្ស​​ប្រុស​ ស្រី​​ដែល​ប្រលង​​ជាប់​និយាយថា ​ពួក​​គេ​ធ្លាប់​​​បាន​មក​អុជ​ធូប​នៅ​ចំពោះ​មុខ​​​លោកតា​ដំបង​​គ្រញូង​​មុនថ្ងៃ​ប្រលង​​ សុំ​ឱ្យ​មហិទ្ធិឫទ្ធិ​​របស់​លោក​​​តា​ជួយ​ឱ្យ​បាន​ប្រលង​ជាប់​ដោយ​សន្យា​ថា​ នឹង​យក​តង្វាយ​​មក​ថ្វាយ​​ជូន​លោកតា​​ បើ​ពួក​គេ​ប្រលង​ជាប់​​​មែន​ ដូច្នេះ​ហើយ​ទើប​​ពួកគេ​​យក​តង្វាយ​​មក​ថ្វាយ​​ជូន​លោក​តា​​​តាម​ការ​សន្យា​​​នេះ​ ។ ទោះជា​យ៉ាង​ណា​​​​ យុវ​សិស្ស​​ដែល​ប្រលង​​ធ្លាក់​វិញ​​ ខ្លះ​បាន​​ស្តី​បន្ទោស​ថា មក​ពីការ​​ប្រលង​ឆ្នាំ​នេះ​​តឹងតែង​​ពេក  ​រី​ឯខ្លះ​ទៀត​​​​ថា គ្មាន​ប្រាក់​​​សម្រាប់​សូក​ប៉ាន់​​​នឹង​គេ ។ ​ជាមួយ​គ្នា​នេះ​​​ យុវ​សិស្ស​​​ដែល​ប្រលង​​​ជាប់​មួយចំនួន​​ក៏​បាន​ទទួល​​​ស្គាល់​ថា ​ការ​ប្រលង​ឆ្នាំ​​នេះ​ពិត​ជា​​​មាន​ការ​​តឹ​ង​តែង​​​មែន។

ក្នុង​មណ្ឌល​​​វិទ្យាល័យ​​សម្តេច​ឪ​​​ កញ្ញា​ម្នាក់​បាន​ប្រាប់​​កោះ​សន្តិភាព​​ទាំង​ទឹក​ភ្នែក​​រលីង​រលោង​​នៅចំពោះ​​​មុខ​មិត្ត​ភក្តិ​ថា ក្នុង​ចំណោម​មិត្ត​ភក្តិ​​​នាង​ជា​ច្រើន​​​ដែល​មកប្រលង​​នៅ​មណ្ឌល​​​សម្តេច​​ឪនេះ​​​ គឺមាន​​តែ​​នា​ង​ម្នាក់​ទេ​ដែល​ប្រលង​ធ្លាក់​​ ។​ នៅ​ពេល​សួរ​ថា តើ​មូលហេតុ​​អ្វី​​ដែល​នាំ​​​ឱ្យ​ប្រលង​ធ្លាក់​​​ ? នាង​និយាយ​ទាំង​យក​ដៃ​ខ្ទប់​មុខ​ថា«ខ្ញុំ​និយាយ​​មិនចេញ​ទេ» ។ រីឯ​នៅខាង​មុខ​​មណ្ឌល​​​គរុកោសល្យ​​ភូមិភាគ​​​ខេត្ត​បាត់​ដំបង​(អ៊ាប​ឃុត)​វិញ​​ ខណៈ​មាន​យុវ​សិស្ស​កក​កុញ​​​កំពុង​ឈរ​​​ស្តាប់​ការ​​​ប្រកាស​លទ្ធផល​​ប្រលង​​ក៏​មាន​​​យុវសិស្ស​​មួយ​ចំនួន​សម្រក់​ទឹក​ភ្នែក​​​ដែរ និង​ខ្លះ​ទៀត​​​ដួល​សន្លប់​​​ផង​នៅពេល​ឮឈ្មោះ​​របស់​​ខ្លួន​ប្រលង​ធ្លាក់​​​ ។ តាម​ប្រភព​​​ពី​យុវ​សិស្ស​​​នានា​ថា ​ស្ទើរ​គ្រប់​មណ្ឌល​​​គេ​ឃើញ​​មាន​យុវ​សិស្ស​​​ដែល​ប្រលង​ធ្លាក់​​​បង្ហូរ​​ទឹក​ភ្នែក​​​ ជា​ពិសេស​​សិស្ស​ស្រី​ៗ ។

លោក​​ងី សែត​ ប្រធាន​​​មន្ទីរ​​អប់​រំ​​​យុវ​ជន​​ និង​កីឡា​ខេត្ត​បាន​ប្រាប់​កោះ​សន្តិ​ភាព​​​នៅព្រឹក​ថ្ងៃទី ​​២​ កញ្ញា​​ថា សម្រាប់​ការ​ប្រលង​​សញ្ញាបត្រ​​​មធ្យម​សិក្សា​​​ទុតិយភូមិ​​(​បាក់​ឌុប​)​​ឆ្នាំ​២០១២​​​នេះ​មាន​បេក្ខ​ជន​ប្រលង​សរុប​​ចំនួន​​៧.១០៣​នាក់​ ក្នុង​នោះ​សិស្ស​​ស្រី​​មាន​ចំនួន​​៣.៥១៦​នាក់​ ។ បេក្ខ​ជន​ដែល​ប្រលង​ជាប់​ឆ្នាំ​នេះ​មាន​ចំនួន​៥.៦៩៣​​​​នាក់​​ ក្នុង​នោះសិស្ស​​​ស្រី​មាន​ចំនួន​​​​៣.៣០៥​​នាក់​ ច្រើន​ជាង​​សិស្ស​ប្រុស​ ។ លោក ងី​ សែត​​ បញ្ជាក់​ថា ​ខេត្ត​បាត់​ដំបង​​​ឆ្នាំ​នេះ​​មាន​យុវ​សិស្ស​​​ប្រលង​ជាប់​​​និទ្ទេស​«A»ចំនួន​​១២នាក់​​ ​ក្នុង​ចំណោមនិទេ្ទស​«A»សរុប​​​ចំនួន​១០៥​នាក់​​​ទូទាំង​​ប្រទេស​​​ ខណៈ​​​​ឆ្នាំ​ទៅមិញ​​​គ្មាន​ជាប់​​​ម្នាក់​សោះ​ នៅខេត្ត​​បាត់​ដំបង​ ។ លោក​បន្ត​ថា ​​បើ​ប្រៀប​ធៀប​​​ទៅនឹង​ឆ្នាំ​​ទៅមិញ​​​ការ​ប្រលង​​​បាក់​ឌុប​ឆ្នាំនេះ​​បេក្ខជន​​ដែល​ប្រលង​ជាប់​មាន​ការ​ថយ​ចុះ​​បន្តិច​ ។ ប៉ុន្តែ​​លោក​បាន​​​​មាន​ប្រសាសន៍​ដោយ​​មោទនភាព​​​​​ថា ក្នុង​ឆ្នាំ​នេះ​បេក្ខ​ជន​ដែល​ប្រលង​​​ជាប់​គឺមាន​​​គុណភាព​ល្អ​​​​ជាង​​ឆ្នាំ​មុន​​ ព្រោះ​ជាប់​និទេ្ទស«A»ដល់​ទៅ​​​១២​នាក់​ឯណោះ ។ ​

លោក​​ ងី សែត​ បញ្ជាក់ថា ​បេក្ខ​ជន​​​ប្រលង​​ឆ្នាំ​នេះ​​ស្ទើ​រ​គ្រប់​​មណ្ឌល​​​មាន​វិន័យ​ល្អ​ប្រសើរ​​​ជាង​ឆ្នាំ​មុន​ ។ រី​ឯលោក​គ្រូ​​អ្នក​គ្រូ​​​ធ្វើ​មេ​ប្រយោគ​ប្រចាំ​​តាម​មណ្ឌល​​ ក៏​គោរពភារកិច្ច​​​បាន​ល្អ​ប្រសើរ​​​ដែរ។ ដូច្នេះ​​ការ​ប្រលង​​​​​សញ្ញាបត្រ​​​មធ្យម​សិក្សា​​​​ទុតិ​យ​ភូមិ​​​​ក្នុ​ង​ឆ្នាំ​​២០១២​​​​​នេះ​មាន​ដំណើរ​​​​ការ​ល្អ​ប្រសើរ​​​ បើ​ទោះ​​ជា​​បេក្ខ​ជន​​ដែល​ប្រលង​ជាប់​​​មាន​ការ​ថយ​ចុះ​​​បន្តិច​ក្តី​​ តែ​មាន​គុណភាព​​​ខ្ពស់​គួរ​ឱ្យ​កត់​សម្គាល់​​ ៕