រាជធានីភ្នំពេញ ៖ លោកឧកញ៉ា ឡោក ហួរ ប្រធានក្រុមទីប្រឹក្សាជំនួយការសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភាត្រូវបានឃាតករ២នាក់ជិះម៉ុតូមួយគ្រឿងទៅឈប់ក្បែរ ហើយប៉ុនប៉ងបាញ់ប្រហារឆក់យកអាយុជីវិត ប៉ុន្តែពេលជនដៃដល់ភ្ជង់កាំភ្លើងក៏ត្រូវអង្គរក្សដែលទៅជាមួយគាត់ម្នាក់នៅក្បែរនោះ ស្ទុះមកតបតក៏ត្រូវជនដៃដល់បាញ់២គ្រាប់ បណ្តាលឱ្យដេកដួលក្នុងថ្លុកឈាម គួរឱ្យតក់ស្លុត…ភ្លាមនោះចោរក៏បានផ្លាស់ប្តូរការសម្រេចចិត្តពីការប៉ុនប៉ងបាញ់សម្លាប់លោកឧកញ៉ា ឡោក ហួរ រត់ទៅឡើងជិះម៉ូតូគេចខ្លួន ។
សូមបញ្ជាក់ថា អង្គរក្សម្នាក់ដែលរងរបួសធ្ងន់នោះ គឺត្រូវខ្មាន់កាំភ្លើងបាញ់២គ្រាប់ ដោយសារស្ទុះទៅពាំងពីមុខលោកឧកញ៉ា ឡោក ហួរ ខណៈឃាតករប៉ងធ្វើឃាតរូបលោក ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២ កញ្ញា ២០១២ នៅម្តុំដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។
តាមការឱ្យដឹងជំហានដំបូងថា ជារៀងរាល់ល្ងាចថ្ងៃសៅរ៍-អាទិត្យ លោកឧកញ៉ា និងអង្គរក្សតែងតែទៅមើលដី និងលេងទាត់បាល់នៅភូមិកើតហេតុខាងលើ ។ នៅថ្ងៃកើតហេតុនេះតាមដំណឹងថា លោកឧកញ៉ា ឡោក ហួរ ចុះទៅមើលដីជាមួយអង្គរក្សម្នាក់ និងលោកផ្កាយ៣ប៉ូលិសម្នាក់ ខណៈនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ុតូន១គ្រឿងម៉ាកឌ្រីមសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ដោយម្នាក់ចុះមកញញឹមញញែមលំទោនចាប់ដៃលោកឧកញ៉ា និងម្នាក់ទៀតដកកាំភ្លើងភ្ជង់តែម្តង តែត្រូវអង្គរក្សដែលនៅក្បែរនោះហក់មកពាំងពីមុខទាន់ត្រូវចំដៃ១គ្រាប់ និងជើង១គ្រាប់ បណ្តាលឱ្យគ្រោះដេកដួល ហើយជនដៃដល់ក៏ស្លន់ស្លោរត់ទៅឡើងជិះម៉ូតូគេចខ្លួន។ អង្គរក្សរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមការតក់ស្លុតពីអ្នកនៅកន្លែងកើតហេតុ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ