ខេត្តប៉ៃលិន ៖ មានរថយន្តនីស្សាន់ ទួរីស និងហ៊ីយ៉ាន់ដាយធុនធំជាច្រើនគ្រឿង ដឹកទំនិញសំពីងសំពោងខ្ពស់កប់ពពកកំពុងបន្តរត់នៅលើផ្លូវជាតិលេខ៥៧ ជារៀងរាល់ថ្ងៃ តែដូចជាគ្មានសមត្ថកិច្ចណាបើកភ្នែកមើលនោះទេ ដោយដឹកទំនិញដាក់លើដំបូលចងរឹតគ្របកៅស៊ូតង់ដឹកយ៉ាងរំភើយពី បាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ក៏មានរថយន្តដឹកទំនិញចេញពីច្រកទ្វារព្រំដែនឆ្លងកាត់ខេត្តប៉ៃលិនទៅខេត្តបាត់ដំបង វិញផងដែរ ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១ កញ្ញា ២០១២ ចាប់ពីម៉ោង៣និង៣០នាទីរសៀលរហូតដល់ពេលយប់។
ប្រជាពលរដ្ឋមួយចំនួនបាននិយាយថា រថយន្តជាច្រើនគ្រឿងទាំងនេះគេឃើញដឹកទំនិញសំពីងសំពោងជាច្រើនឆ្នាំមកហើយ តែមិនឃើញមានសមត្ថកិច្ចណាម្នាក់អើពើនោះទេ មានតែមកអង្គុយផឹកកាហ្វេធ្វើមិនដឹង ទំនងជាម្ចាស់ទំនិញចេញប្រាក់ថ្លៃកាហ្វេឱ្យហើយមើលទៅ ពីព្រោះជារៀងរាល់ថ្ងៃពេលដែលរថយន្តដឹកទំនិញចេញមកពីច្រកទ្វារឃើញម្ចាស់រត់ឆ្វាត់ឆ្វែងចូលទៅកន្លែងកាំកុងត្រូលច្រកទ្វារទំនងជាត្រូវរ៉ូវគ្នា ហើយមើលទៅ ។
ចំណែកម្ចាស់រថយន្តដឹកទំនិញខ្លះនិយាយថា បើមិនដឹកច្រើនបែបនេះទេ មិនចំណេញនោះឡើយ គេដាក់លើដំបូលគ្រាន់បង់លុយឱ្យគយច្រកព្រំគយសាខាខេត្ត និងប៉ូលិសចរាចរតាមផ្លូវមួយចំនួនទៀត បើមិនធ្វើអ៊ីចឹងទេ គេឱ្យរើអីវ៉ាន់មើលពិបាកខាតពេលវេលានិងអស់ថ្លៃឈ្នួលរើ ដូច្នេះទើបដាក់ច្រើនគ្រាន់ចែកចាយសមត្ថកិច្ចថ្លៃបាយ កាហ្វេ និងគុយទាវ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ