ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវអ្នកផឹកស៊ីជាមួយព្រួតវាយបណ្តាលឱ្យសន្លប់នៅជិតវង់ផឹកគួរឱ្យសង្វេគ ពីព្រោះមិនយល់ចិត្តគ្នា ផឹកស៊ីមិនទាន់ចប់ចុះដើរទៅផ្ទះមុនធ្វើឱ្យអ្នកផឹកជាមួយគ្នា៣នាក់ទៀតខឹងព្រួតវាយទាត់ធាក់រហូតសន្លប់ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១ កញ្ញា ២០១២ វេលាម៉ោង៤និង៤០នាទីរសៀល នៅភូមិមេលោង សង្កាត់ព្រៃធ្លាក់ ក្រុងស្វាយរៀង ។
បើតាមសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះអ៊ុំ សុវណ្ណយា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិ-សង្កាត់ខាងលើ ។ ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុមានបុរសម្នាក់ឈ្មោះធី នៅភូមិកើតហេតុខាងលើបានមានកម្មវិធីផឹកស៊ីក៏ហៅអ្នកភូមិជាមួយគ្នា៤នាក់មកចូលរួម៥នាក់ទាំងម្ចាស់ផ្ទះ ការផឹកស៊ីកំពុងសប្បាយមិនទាន់ចប់ផង ឈ្មោះអ៊ុំ សុវណ្ណយា បានលាម្ចាស់ផ្ទះទៅផ្ទះមុនម្ចាស់ផ្ទះក៏មិនឃាត់ដែរ ប៉ុន្តែភ្ញៀវ៣នាក់ផឹកជាមួយបានឃាត់ ដោយជនរងគ្រោះស្រវឹង ហើយមិនហ៊ាននៅផឹកទៀតខ្លាចជ្រុលក៏លាទៅផ្ទះមុន រីឯអ្នកទាំង៣នាក់បានទៅផឹកស៊ីជាមួយម្ចាស់ផ្ទះបន្តរហូតដល់ម៉ោង៤និង៤០នាទី ជនរងគ្រោះក៏ដើរពីផ្ទះមកក្បែរកន្លែងផឹកស៊ីវិញ ពេលនោះឈ្មោះភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិមេលោង ជាមួយគ្នា ឃើញជនរងគ្រោះដើរមកឈរក្បែរវង់ផឹកស៊ីក៏និយាយថា ឯងត្រឡប់មករកងាប់អីទៀត ទៅហើយមកឌឺអី និយាយបានតែប៉ុណ្ណឹង ក៏ចុះទៅដាល់មួយដៃចំមាត់បែកឈាមធ្វើឱ្យជនរងគ្រោះឈឺចាប់យ៉ាងខ្លាំងក៏តបតប្រវាយប្រតប់គ្នាពេលនោះបក្សពួកជនល្មើស «ឈ្មោះភ័ក្រ» ២នាក់ទៀតបានចុះពីលើគ្រែផឹកព្រួតគ្នាវាយជនរងគ្រោះខ្លះទាត់ ខ្លះធាក់ ខ្លះដាល់ បណ្តាលឱ្យជនរងគ្រោះដួលសន្លប់តែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ