រាជធានីភ្នំពេញ ៖ សាកលវិទ្យាល័យលីមកុកវីងបានប្រកាសថា ខ្លួនបានបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១២-២០១៣ហើយ ដោយចាប់ទទួលចុះឈ្មោះនិស្សិតចូលរៀនចាប់ពីថ្ងៃទី២៧ សីហា រហូតដល់១៤ ខែកញ្ញា ខាងមុខ ។ សាកលវិទ្យាល័យលីមកុកវីង គឺជាសាកលវិទ្យាល័យដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីសាកលវិទ្យាល័យនេះបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាឱ្យបើកដំណើរការកាលពីឆ្នាំ២០០៨កន្លងមក ក្រោមការទទួលស្គាល់ពីក្រសួងអប់រំ និងគណៈកម្មការជាតិទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា ។
សាកលវិទ្យាល័យនេះ ក៏ជាតំណាងឱ្យចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសម៉ាឡេស៊ី និងព្រះរាជាណាចក្រកម្ពុជា ពីព្រោះលោកបណ្ឌិតតាន់ស្រីុ លីមកុកវីង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យលីមកុកវីងយល់ឃើញថា ការសិក្សាអប់រំ គឺជាគន្លឹះដ៏មានសារសំខាន់មួយសម្រាប់ជួយដល់យុវជនកម្ពុជាឱ្យក្លាយទៅជាអ្នកដឹកនាំ និងជាពេលវេលាដ៏ល្អមួយសម្រាប់យុវជនជំនាន់ក្រោយរៀបចំខ្លួន ដើម្បីទទួលបានការអប់រំដ៏សមស្របសម្រាប់ក្លាយជាធនធានរបស់ប្រទេសជាតិ និងគ្រួសារ ហើយនិងតម្រូវការទីផ្សារការងារផងដែរ ។ ហេតុដូច្នេះហើយទើបលោកសម្រេចចិត្តបង្កើតសាកលវិទ្យាល័យលីមកុកវីងនៅកម្ពុជានេះឡើង ជាមួយនឹងការប្តេជ្ញាចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងធនធានមនុស្សនៅកម្ពុជា ពីព្រោះលោកមើលឃើញថាកម្ពុជាកំពុងត្រូវការប្រព័ន្ធអប់រំមួយដែលមានស្តង់ដាអន្តរជាតិអាចឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពលើគ្រប់បញ្ហាទាំងអស់ដែលទាក់ទងទៅនឹងទីផ្សារការងារ ហើយលោកខំប្រឹងធ្វើឱ្យកម្ពុជាសម្បូរទៅដោយធនធានមនុស្ស ។
លោកបណ្ឌិតតាន់ស្រីុ លីមកុកវីង ថ្លែងថា សាកលវិទ្យាល័យលីមកុកវីងរបស់លោក កំពុងអនុវត្តតាមអ្វីដែលលោកធ្លាប់រៀនអំពីរបៀបកសាងធនធានមនុស្សនៅក្នុងប្រទេសម៉ាឡេស៊ី ដូច្នេះនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យលីមកុកវីង ប្រាកដជាអាចក្លាយជាធនធានមនុស្សយ៉ាងពិតប្រាកដនៅកម្ពុជា ។និស្សិតឈ្មោះរំចេក សូធាវី សិក្សាផ្នែករចនាឆ្នាំទី៤ នៅសាកលវិទ្យាល័យលីមកុកវីងនិយាយថា នាងបានសម្រេចចិត្តចូលរៀននៅសាកលវិទ្យាល័យនេះ ពីព្រោះជាសាកលវិទ្យាល័យមានប្រព័ន្ធអប់រំតាមស្តង់ដាអន្តរជាតិធ្វើឱ្យនិស្សិតដែលចេញពីការសិក្សាមានចំណេះជំនាញពិតប្រាកដអាចធ្វើការងារជាក់ស្តែងបាន ពីព្រោះការសិក្សានៅសាកលវិទ្យាល័យលីមកុកវីង មានការអនុវត្តជាក់ស្តែង និងមានចុះធ្វើកម្មសិក្សាជាប្រចាំផងដែរ ៕
ចែករំលែកព័តមាននេះ