ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី ៣០ សីហាកន្លងមកនេះ នៅសាលប្រជុំឆ្នេរទន្លេក្រុងស្វាយរៀង មានរៀបចំពិធីសម្ពោធ និងប្រកាសបើកដំណើរការជាផ្លូវការនូវយុទ្ធនាការផ្តល់អាហារូបត្ថម្ភបន្ថែមដល់កុមារអាយុពី៦ខែដល់២៤ខែ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត កែវ រដ្ឋា អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកឡាក់ ឡេង នាយករងមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព លោក យូ បុន្នី អភិបាលក្រុងស្វាយរៀង ។ ពិធីនេះមានការចូលរួមពីមន្ត្រីសុខាភិបាល អ្នកស្ម័គ្រចិត្តមណ្ឌលសុខភាព អ្នកទ្រទ្រង់សុខភាពភូមិ មន្ទីរពាក់ព័ន្ធ អង្គភាពសង្គមស៊ីវិល ក្រុមប្រឹក្សាឃុំ-សង្កាត់ សរុប៣១២នាក់ ។
លោកវេជ្ជបណ្ឌិតញឹុក សំណាង ប្រធានផ្នែកគាំពារមាតា និងទារកខេត្តថា បញ្ហាកង្វះអាហារូបត្ថម្ភលើកុមារនៅតែជាបញ្ហាសុខភាពសាធារណៈមួយដ៏ធ្ងន់ធ្ងរនៅក្នុងខេត្តស្វាយរៀង។ បញ្ហាកង្វះអាហារូបត្ថម្ភ គឺជាមូលហេតុចម្បងមួយនៃការស្លាប់របស់កុមារដែលត្រូវបានគេប៉ាន់ប្រមាណថា មានប្រហែល៣៥%នៃកុមារអាយុក្រោម៥ឆ្នាំ ដែលស្លាប់នៅលើពិភពលោក ដោយឡែកនៅខេត្តស្វាយរៀងមានកង្វះអាហារូបត្ថម្ភចំនួន១១% និងមានភាពស្លេកស្លាំងមានចំនួន៦៦ភាគរយ ។
លោកញឹុក សំណាងបន្តទៀតថា បញ្ហាកង្វះអាហារូបត្ថម្ភក៏ចូលរួមចំណែកផងដែរដល់ការកើនឡើងនៃអត្រាឈឺស្លាប់របស់កុមារ និងកាត់បន្ថយនូវសមត្ថភាពនៃការចេះដឹងក្នុងការសិក្សា និងការអនុវត្តការងារនៅពេលពេញវ័យ ។ យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជាឆ្នាំ២០១០បង្ហាញថា មាន៤០ភាគរយនៃកុមារអាយុក្រោម៥ឆ្នាំ មានបញ្ហាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ ។ បច្ចុប្បន្ននេះ ថ្វីបើមានការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយតែមួយគត់ចាប់ពីពេលកើតរហូតដល់អាយុ៦ខែទទួលបានជោគជ័យក៏ដោយ ក៏ការអនុវត្តផ្តល់អាហារបន្ថែមសមស្របដល់កុមារចាប់ពីអាយុ៦ខែដល់២៤ខែ នៅមិនទាន់បានត្រឹមត្រូវនៅឡើយ ធ្វើឱ្យអត្រាកុមារខ្វះអាហារូបត្ថម្ភនៅក្នុងខេត្តស្វាយរៀងខ្ពស់រហូតដល់១១ភាគរយ ។
ហេតុនេះអ្នកម្តាយ និងអ្នកថែទាំកុមារគ្រប់រូប មានតួនាទីយ៉ាងសំខាន់ដើម្បីធ្វើយ៉ាងណាឱ្យកុមារទទួលបាននូវអាហារបន្ថែមសមស្រប និងមានគុណភាពដោយផ្តោតលើលក្ខណៈសំខាន់របស់អាហារបន្ថែម២គឺភាពខាប់របស់អាហារ និងអាហារចម្រុះច្រើនមុខ«អាហារ៣ក្រុម» រួមមានត្រី សាច់ បន្លែបៃតង ការ៉ុត ផ្លែល្ពៅ ។
លោកវេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពមានប្រសាសន៍ថា គោលដៅផ្លាស់ប្តូរឥរិយាបថនៃយុទ្ធនាការនេះគឺជំរុញ និងលើកទឹកចិត្តឱ្យស្ត្រីជាម្តាយលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភរបស់កុមារ តាមរយៈការបង្កើនការផ្តល់អាហារបន្ថែមសមស្របដល់ទារក និងកុមារតូច«អាយុពី៦ខែដល់២៤ខែ»ដើម្បីរួមចំណែកសម្រេចបាននូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីេតជោ ហ៊ុន សែន ជាប្រមុខ ។
ចែករំលែកព័តមាននេះ