ខេត្តតាកែវ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមួយគ្រឿងបានជ្រុលចង្កូតទៅបុក ខណៈបុរសនេះកំពុងតែជិះម៉ូតូម្នាក់ឯង ។ បន្ទាប់ពីបុកម៉ូតូរថយន្តបានបន្តទៅបុកដើមអាកាស្យាមួយដើមទៀតដួលរាប់ដល់ដីហើយក្រឡាប់បះជើងឡើងលើ តែអ្នកជិះក្នុងរថយន្តទាំងប៉ុន្មានមិនបានរងរបួសទេ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១ កញ្ញានៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡីម៉ែត្រលេខ៧២-៧៣ ស្ថិតនៅភូមិអូស្វាយចេក សង្កាត់រកាក្នុង ក្រុងដូនកែវ ។លោកអនុសេនីយ៍ឯក ឥន មណ្ឌល អធិការរងនគរបាលក្រុងដូនកែវបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះ ទេព នី អាយុ២៥ឆ្នាំរស់នៅភូមិខាងលើបានបែកក្បាល និងរយះជើងទាំង២របួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត បុរសខាងលើជិះម៉ូតូម៉ូតូម៉ាកគុបជ្រុងពណ៌សំបកឪឡឹកធ្វើដំណើរពីជើងទៅត្បូង ចំណែករថយន្តបង្កម៉ាកកាមរីហាយប្រ៊ីតសេ៊រី២០០៨ ពណ៌ប្រផេះបើកបរដោយយុវជនឈ្មោះ ឡឹក វីរៈ អាយុ១៨ឆ្នាំ រស់នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ជិះគ្នា៤នាក់សុទ្ធតែស្រវឹងធ្លាក់ភ្នែកក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នាពេលមកដល់ចំណុចកើតហេតុក៏បុកម៉ូតូពីក្រោយពេញទំហឹង បន្ទាប់ពីបុកម៉ូតូរួចរថយន្តបានជ្រុលទៅបុកដើមអាកាស្យាទំហំប៉ុនភ្លៅនៅខាងលិចផ្លូវបាក់ដួលរាបដល់ដី ចំណែករថយន្តធ្លាក់ប្រឡាយក្រឡាប់បះជើងទ្រមេឃ តែអ្នកជិះក្នុងរថយន្តអត់មានអ្នករបួសទេ ។
សាក្សីនៅកន្លែងកើតហេតុបាននិយាយថា ក្រោយពេលកើតហេតុគេឃើញអ្នកជិះក្នុងរថយន្តលូនចេញមកក្រៅអត់មានរបួសអ្វីសោះតែរថយន្តបានបែកកញ្ចក់មុខ និងខូចខាតមួយកំណាត់មុខយ៉ាងដំណំ ។បច្ចុប្បន្នរថយន្តបង្ក និងម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យជំនាញក្រុងដូនកែវរង់ចាំដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ