រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីសពណ៌សមួយគ្រឿងបើកដោយបុរសម្នាក់ទំនងជាស្រវឹង ទៅបុកម៉ូតូស្គូពីពណ៌ក្រហមលាយខ្មៅ មួយគ្រឿង ជិះដោយយុវជន២នាក់ចំពីក្រោយពេញទំហឹង បណ្តាលឱ្យយុវជនម្នាក់ជិះពីក្រោយរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកយុវជនម្នាក់ទៀត ដែលបើកម៉ូតូរងរបួសស្រាល និងម៉ូតូត្រូវកៀបជាប់ជាមួយរថយន្តអូសប្រហែល១០០ម៉ែត្រ ទើបរបូត ហើយរថយន្តនោះពបានទៅលាក់ខ្លួនក្រោយសណ្ឋាគារហាយលែង ត្រូវសមត្ថកិច្ចខណ្ឌសែនសុខតាមរកឃើញ កាលពីវេលាម៉ោង២និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ កញ្ញា ២០១២ នៅមុខភោជីយដ្ឋានរាត្រីភ្នំពេញថ្មី តាមបណ្តោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
យុវជនរងរបួសធ្ងន់ឈ្មោះសេង ចិត្រា អាយុ២៧ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះរ៉ាន ដែន អាយុ២៣ឆ្នាំ ជានិស្សិតរបួសស្រាល ស្នាក់នៅផ្ទះជាមួយគ្នា ។ យោងតាមសម្តីលោកហឿង វឿន នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ជើងគោក ខណ្ឌសែនសុខ ឱ្យដឹងថា រថយន្តឡិចស៊ីសពណ៌ស បើកដោយបុរសម្នាក់សង្ស័យស្រវឹងស្រាយ៉ាងលឿនតាមផ្លូវលេខ១៩៨៦ ពីលិចទៅកើត ស្រាប់តែមកដល់កន្លែងកើតហេតុបើកវ៉ារថយន្តមួយគ្រឿងនៅពីមុខក៏ជ្រុលទៅបុកម៉ូតូស្គូពីពណ៌ក្រហមលាយខ្មៅ មួយគ្រឿងទៀតជិះដោយយុវជន២នាក់ចំពីក្រោយពេញទំហឹង បណ្តាលឱ្យយុវជនម្នាក់ជិះពីក្រោយរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ រីឯយុវជនម្នាក់ទៀតដែលបើកម៉ូតូរងរបួសស្រាល ចំណែកម៉ូតូបានកៀបជាប់ជាមួយរថយន្តអូសប្រហែល១០០ម៉ែត្រ ទើបរបូតចេញ ហើយរថយន្តបង្កនោះបានបើករត់ទៅលាក់ខ្លួនក្រោយសណ្ឋាគារហាយលែង ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ តាមរកឃើញយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីរង់ចាំការដោះស្រាយ៕
ចែករំលែកព័តមាននេះ