រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តក្រឡុកស៊ីម៉ងត៍ចុះពីលើស្ពានព្រះមុនីវង្សថ្មីហើយរថយន្តដាច់ហ្រ្វាំងរអិលជ្រុលល្បឿនទៅបុករះអ្នកដំណើរតាមដងផ្លូវយ៉ាងណែនណាន់តាន់តាប់ បណ្តាលឱ្យរត់ចែកផ្លូវគ្នាប្រសាច ប៉ុន្តែទីបញ្ចប់រថយន្តបង្កហេតុបានជ្រុលល្បឿនបុករះម៉ូតូខូចខាតអស់៣គ្រឿង រឺុម៉កម៉ូតូដឹកថ្ម ២គ្រឿង រួមជាមួយរថយន្ត៣គ្រឿងទៀតយ៉ាងដំណំ ហើយមនុស្សម្នាក់រងរបួសធ្ងន់ ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាមោ៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២ កញ្ញា ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ។
តាមប្រពភព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តក្រឡុកស៊ីម៉ងត៍ បើកចេញពីដេប៉ូនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បំណងឆ្ពោះទៅចាក់ស៊ីម៉ងត៍ឱ្យម៉ូយនៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ហើយត្រូវបើកបរឆ្លងកាត់ស្ពានព្រះមនុវង្សថ្មី ដើម្បីបត់ឡើងស្ពានព្រះមុនីវង្សចាស់ ប៉ុន្តែខណៈកំពុងបើកចុះស្ពានព្រះមុនីវង្សថ្មី រថយន្តបានដាច់ហ្វ្រាំងជាហេតុធ្វើឱ្យអ្នកបើកបររថយន្តក្រឡុកស៊ីម៉ងត៍ស្លន់ស្លោ ហើយសម្រេចចិត្តលោតចុះពីលើរថយន្តបំណងរត់គេចខ្លួនតែត្រូវប៉ូលិសក្របួចជាប់ ។ ដោយឡែករថយន្តខាងលើ បន្ទាប់ពីអ្នកបើកបរបើកទ្វារលោតចុះចោលហើយ ក៏នៅមានល្បឿនទៅមុខបុករះរ៉ឺម៉ក និងម៉ូតូអ្នកដំណើររួមជាមួយរថយន្តបីគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ ។
ក្នុងនោះដែរ រថយន្តម៉ាកកាមរីបាឡែនដែលម្ចាស់ចតទុកនៅមុខលំនៅឋានត្រូវរថយន្តក្រឡុកស៊ីម៉ងត៍បោលបុកផ្ទប់ដើមឈើមួយដើមដាច់ត្រឹមគល់រលំគងនៅលើរថយន្តកាមរីបាឡែន នោះ បណ្តាលឱ្យខូចខាតយ៉ាងដំណំ ។ ឯរថយន្តពីរគ្រឿងទៀត ដែលទទួលរងការខូចខាតដែរនោះ មួយគ្រឿងមា៉ាកកាមរីគូទហើម ពណ៌ស្លែ និង១គ្រឿងទៀតម៉ាកកាមរីឆ្លាម ពណ៌ប្រផេះ ។
ក្នុងឧប្បតិ្តហេតុដ៏រន្ធត់ខាងលើនេះ គេបានសង្កេតឃើញម៉ូតូមួយគ្រឿងមា៉កសេ១០០កូរ៉េ ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍បុកជាប់ក្រោមរថយន្តរងការខូចខ្ទេចតែម្តង ។ ចំណែកម្ចាស់រងរបួសធ្ងន់ ។ អ្នកឃើញហេតុការណ៍ បានលាន់មាត់គ្រប់ៗគ្នាថា នេះចាត់ទុកជាសំណាងល្អ ក្នុងមួយពាន់គ្រោះថ្នាក់ ដែលហេតុការញណ៍ខាងលើមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ដែលកំពុងធ្វើដំណើរលើដងផ្លូវយ៉ាងប្រសាច ដោយគ្រាន់តែរបួសធ្ងន់ម្នាក់ប៉ុណ្ណោះ ។
តាមឈ្មោះ ហើរ ឌីណា ដែលជាអ្នកបើករថយន្តក្រឡុកស៊ីម៉ងត៍ខាងលើបាននិយាយថា មូលហេតុនៃគ្រោះថ្នាក់គឺបណ្តាលមកពីរថយន្តរបស់ខ្លួនដាច់ហ្រ្វាំងជាន់មិនស៊ី ។ បើទោះជាយ៉ាងណា ទាំងរថយន្តនិងអ្នកបើកត្រូវប៉ូលិសនាំទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ