មនុស្ស១៥នាក់ បានត្រូវស្លាប់កាលពីយប់ថ្ងៃទី១ កញ្ញា ក្នុងការវាយប្រហារភេរវកម្មប្រើរថយន្តបង្កប់គ្រឿងផ្ទុះនៅតំបន់ជាយក្រុងដា ម៉ាស់មួយដែលមានភាពចលាចល ។ នោះជាការវាយប្រហារដោយរថយន្តបង្កប់គ្រឿងផ្ទុះលើកទី៣នាថ្ងៃទី១ កញ្ញា ដែលជាថ្ងៃយ៉ាងបង្ហូរឈាមសម្រាប់ស៊ីរី ។
ទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីរី SANA រាយការណ៍ថា រថយន្តដាក់គ្រឿងផ្ទុះបានផ្ទុះនៅជិតព្រះវិហារអ៊ិស្លាម MUAS BEN JABAL តំបន់ជាយក្រុង SBAINEH នៃក្រុងដាម៉ាស់ សម្លាប់ជនស៊ីវិល ១៥នាក់ ។ សាកសពជនរងគ្រោះមួយចំនួនត្រូវរយះដាច់ដោច ដោយសារការផ្ទុះយ៉ាងខ្លាំង ហើយការវាយប្រហារនោះ ក៏បណ្តាលឱ្យខូចខាតសម្ភារយ៉ាងច្រើនផងដែរ ។
មុននេះ ក្នុងថ្ងៃ១កញ្ញាដែរ គ្រឿងផ្ទុះមួយបានកម្ទេចរថយន្តនាយទាហានម្នាក់របស់កងទ័ពក្នុងសង្កាត់រូកា អាដឌីអេក្រុងដាម់ាស់ ដោយសម្លាប់នាយទាហានរូបនេះ ហើយមនុស្សជាច្រើននាក់ទៀតត្រូវរបួស។ នាថ្ងៃទី១ កញ្ញាដែរ នៅខេត្ត DEIR AZ-ZOR ភាគខាងកើតប្រទេសមនុស្សម្នាក់ត្រូវស្លាប់ ហើយកុមារ២នាក់ ត្រូវរបួសដោយសារការផ្ទុះរថយន្តបង្កប់គ្រឿងផ្ទុះមួយ ។
បណ្តាព័ត៌មានពួកប្រឆាំងនិយាយថា នាថ្ងៃទី ១ កញ្ញា អំពើហិង្សានៅស៊ីរី បណ្តាលឱ្យមនុស្ស ស្លាប់សរុប១៥៦នាក់ ៕
ចែករំលែកព័តមាននេះ