ខេត្តក្រចេះ ៖ បុរសជាប្តីអតីតជាសង្ឃរាជ បានបង្កហិង្សាដល់ប្រពន្ធយ៉ាងចាស់ដៃ ខណៈដែលស្ត្រីជាប្រពន្ធបានដាក់ពាក្យបណ្តឹងសុំលែងលះប្តីប្រមឹកនឹងមានស្រីក៏កើតជាជម្លោះឈានដល់បុរសជាប្តីចាក់សាំងដុតប្រពន្ធទាំងសរសៃខ្ចីទើបសម្រាលកូនបានជាងមួយខែ រួចព្យាយាមផឹកទឹកអាស៊ីតសម្លាប់ខ្លួនឯង តែមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ ។
ការផ្ទុះជម្លោះហិង្សាដែលបង្កឡើងដោយបុរសជាប្តីអតីតជាសង្ឃរូបនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១ កញ្ញា ២០១២ ក្នុងលំនៅឋានរបស់គ្រួសារមួយនេះ ស្ថិតក្នុងភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ។ នៅក្នុងបន្ទប់សង្គ្រោះនៃមន្ទីរពេទ្យខេត្ត ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះធន់ ស៊ីណា អាយុ៣២ឆ្នាំ បាននិយាយថា ប្តីរបស់គាត់ដែលមានចិត្តសាហាវមកចាប់គាត់ដុតទាំងរស់ ទាំងមិនដឹងខ្លួននេះ ឈ្មោះសំរឹទ្ធ តូច អាយុ៤៨ឆ្នាំ អតីតសង្ឃរាជនៅវត្តទួលត្រាំង ក្នុងឃុំអូរគ្រៀង ស្រុកសំបូរ និងបានសឹកមកយកគាត់ជាស្ត្រីមេម៉ាយកូន១ បានរយៈពេល២ឆ្នាំមកហើយ ។
ស្ត្រីជាប្រពន្ធរូបនេះបាននិយាយទៀតថា គាត់ទើបតែសម្រាលកូនស្រីបានរយៈពេលជាង១ខែប៉ុណ្ណោះ ហើយប្តីរបស់គាត់មិនដែលមកអើពើមើលកូន ឬប្រពន្ធសរសៃខ្ចីនោះទេ គឺមួយថ្ងៃៗគិតតែពីដើរផឹកបាត់ពីផ្ទះ រួចទៅលួចមានស្រី និងតែងតែមករករឿងវាយធ្វើបាបគាត់ជាច្រើនលើកច្រើនសា ។ នៅមុនថ្ងៃកើតហេតុនេះ ២ថ្ងៃបុរសជាប្តីរូបនេះ បានរករឿងវាយគាត់ម្តង ដោយទាញពូថៅមកគប់សំដៅគាត់ តែគាត់គេចចេញទាន់ ក្រោយពីបង្កហេតុនេះរួចបុរសជាប្តីបានចេញទៅបាត់ពីផ្ទះរហូត លុះពេលចូលផ្ទះវិញ គឺយកសាំងមកដុតតែម្តង ប៉ុន្តែនាងលោតចុះពីលើផ្ទះទៅននៀលភក់ទាន់ពេល ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ