រាជធានីភ្នំពេញ ៖ រថយន្តកាមរីគូទស្វិតបើកក្នុងល្បឿនលឿនជែងម៉ូតូកង់បី ស្រាប់តែវ៉ាក់ជាមួយរថយន្តមួយគ្រឿងដែលបើកបញ្ច្រាសគ្នារេចង្កូតទៅកៀបជាប់កង់មុខជាមួយម៉ូតូកង់បីដែលកំពុងធ្វើចរាចរណ៍ពីមុខស្របទិសគ្នា កាលពីវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី៣១ សីហា ២០១២ នៅខាងជើងស្តុបផ្សារដីហុយប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានឱ្យដឹងថា រថយន្តកាមរីគូទស្វិតបើកដោយបុរសម្នាក់មានល្បឿនលឿន តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានវ៉ាម៉ូតូកង់បីជិះម្នាក់ឯងក្នុងទិសដៅស្របគ្នា តែវ៉ាមិនផុត ដោយសារវ៉ាក់ជាមួយរថយន្តមួយគ្រឿងទៀត ដែលកំពុងធ្វើចរាចរណ៍បញ្ច្រាសទិសគ្នា ក៏ទាញចង្កូតមកស្តាំទៅកៀបជាប់កង់រថយន្តខាងមុខជាមួយម៉ូតូកង់បី តែសំណាងល្អពុំបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តខាងមុខ រីឯម៉ូតូកង់បីខូចខាតតិចតួច ។
ក្រោយពេលកើតហេតុដោយភាគីខាងម្ចាស់ម៉ូតូកង់បីមិនចង់មានរឿងវែងឆ្ងាយ ដោយសារខាងភាគីម្ចាស់រថយន្តកាមរីបានចុះមកសុំទោស ក៏សម្រួលគ្នានៅនឹងកន្លែងកើតហេតុដោយពុំមាននរណាសងនរណានោះឡើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ