រាជធានីភ្នំពេញ ៖ នាយកដ្ឋានឧត្តមសិក្សាកាលពីព្រឹកថ្ងៃទី៣១ សីហា សហការជាមួយសាកលវិទ្យាល័យកម្ពុជាអន្តរជាតិបានរៀបចំធ្វើសិក្ខាសាលាណែនាំមួយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក យូ វីរៈ អនុប្រធាននាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ជាង ហ៊ួរ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យកម្ពុជាអន្តរជាតិ ។
លោក យូ វីរៈ បានមានប្រសាសន៍ថា យោងតាមសេចក្តីប្រកាសមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២ កក្កដា ឆ្នាំ២០១២ បានឱ្យដឹងថា ក្រសួងអប់រំត្រូវការជ្រើសរើសបុគ្គលិកអប់រំ ដែលបម្រើការនៅតាមគ្រឹះស្ថានឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ ក្រោមការជួយឧបត្ថម្ភរបស់គម្រោងលើកកម្ពស់គុណភាព និងសមត្ថភាពសិក្សា (HEQCIP) សម្រាប់ជុំទី៣ ។ ហើយព័ត៌មាននេះ ក្រសួងបានធ្វើការផ្សព្វផ្សាយទៅដល់គ្រប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ឱ្យបានជ្រាបផងដែរ។ ការជ្រើសរើសនេះ គឺកំណត់យក៤៨រូប ប៉ុន្តែពេលនេះក្រសួងរើសបាន៨រូបហើយ នៅសល់៤០រូបទៀតកំពុងធ្វើការជ្រើសរើសបន្ត ។
លោកបានបញ្ជាក់បន្ថែមទៀតថា គ្រប់បុគ្គលិកសាស្ត្រាចារ្យទាំងអស់មកពីឧត្តមសិក្សានានាដែលទទួលបានអាហារូបករណ៍នេះ បន្ទាប់ពីបានបញ្ចប់ការសិក្សា នឹងត្រូវវិលមកបម្រើការងារនៅក្នុងគ្រឹះស្ថានរបស់ខ្លួនរយៈពេល២-៣ឆ្នាំសិន បើសិនជាចង់ផ្លាស់ប្តូរទីកន្លែង គឺត្រូវរង់ចាំរហូតដល់៥ឆ្នាំទើបអាចប្តូរបាន ។
លោក ជាង ហ៊ួរ តំណាងឱ្យលោកស្រី ជា នាងអេង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យកម្ពុជាអន្តរជាតិ បានឱ្យដឹងថា សិក្ខាសាលាថ្ងៃនេះគឺជាឱកាសមួយយ៉ាងល្អបំផុតរបស់បុគ្គលិក និងសាស្ត្រាចារ្យទាំងអស់នៅក្នុងសាកលវិទ្យាល័យកម្ពុជាអន្តរជាតិ ដើម្បីធ្វើការអភិវឌ្ឍសមត្ថភាពខ្លួនឯង ធ្វើយ៉ាងណាទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដើម្បីយកចំណេះវិជ្ជាមកបម្រើការងារនៅក្នុងសាកលវិទ្យាល័យកម្ពុជាអន្តរជាតិ ក៏ដូចជាប្រទេសជាតិផងដែរ ៕
ចែករំលែកព័តមាននេះ