រាជធានីភ្នំពេញ ៖ សិក្ខាសាលាស្តីពី«យុវជនអ៊ិស្លាម និងអភិវឌ្ឍន៍» ត្រូវបានធ្វើពិធីបិទកាលពីរសៀលថ្ងៃទី៣០ សីហា ក្រោមអធិបតីភាពលោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា និងលោក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពគុយវ៉ែតប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះបានរៀបចំនៅមជ្ឈមណ្ឌលម៉ូដេន៥ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់អស់លោកជាសមាជិករដ្ឋសភា រាជរដ្ឋាភិបាល ជាថ្នាក់ដឹកនាំអ៊ិស្លាម សិស្ស និស្សិត តំណាងអង្គការ សមាគម ក្រុមហ៊ុនប្រមាណជាង៣៥០នាក់ ។
សិក្ខាសាលានេះបានរៀបចំឡើងដោយសមាគមសិស្ស និស្សិត កម្ពុជា-គុយវ៉ែត ឧបត្ថម្ភដោយក្រសួងធម្មការ និងសាសនារដ្ឋគុយវ៉ែត តាមរយៈសិស្ស និស្សិតស្រីចំនួន៧នាក់ ដែលមានកញ្ញា ស្លេះ អីុស្មាក់ ជាតំណាង និងមានកិច្ចសហការរៀបចំដោយអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា និងសមាគមសប្បុរសធម៌ និងអាណិតស្រឡាញ់កម្ពុជា ។
លោកស្លេះ ម៉ាត់លី ប្រធានគណៈកម្មការរៀបចំសិក្ខាសាលា និងជាប្រធានសមាគមសិស្ស និស្សិតកម្ពុជា-គុយវ៉ែត និងជាលេខាធិការនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋគុយវ៉ែត បានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៩៦មក សិស្ស និស្សិតកម្ពុជា ដែលបានបញ្ចប់ការសិក្សាចំនួន១២នាក់ និងបានកំពុងសិក្សានៅរដ្ឋគុយវ៉ែត សព្វថ្ងៃមានចំនួន២៨នាក់ ក្នុងនោះមាននិស្សិតស្រីចំនួន៧នាក់ ជានិស្សិតសាកលវិទ្យាល័យគុយវ៉ែត និងវិទ្យាស្ថានអនុវត្ត៤នាក់ ។ សិស្ស និស្សិតដែលទទួលបានអាហារូបករណ៍នេះតាមរយៈសមាគមជាតិគុយវ៉ែត យូនីស្កូនៃក្រសួងអប់រំរដ្ឋគុយវ៉ែត ក្រសួងធម្មការ និងសាសនាគុយវ៉ែត អង្គការសប្បុរសធម៌ពិភពលោកនៃរដ្ឋគុយវ៉ែត និងក្រសួងការបរទេសគុយវ៉ែត តាមរយៈស្ថានទូតគុយវ៉ែត ។
លោកហ្សាការីយ៉ា អាដាម សមាជិករដ្ឋសភា និងជាអនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា បានចាប់អារម្មណ៍ថា ការអភិវឌ្ឍ និងការអភិរក្សក្នុងសាសនាអ៊ិស្លាម គឺតម្រូវឱ្យជនមូស្លីមទាំងឡាយត្រូវខិតខំអភិរក្ស និងអភិវឌ្ឍសាសនា ជនជាតិ ប្រទេសជាតិរបស់ខ្លួននៅគ្រប់សម័យកាល ដែលសមស្របទៅនឹងព្រះអាឡាហ៍មកលើផែនដីនៅគ្រប់ជំនាន់ ដើម្បីធ្វើកាអភិរក្ស និងអភិវឌ្ឍន៍នូវសាសនាដ៏ផូរផង់របស់អ៊ិស្លាម និងដំណើរជីវិតរបស់មនុស្ស ។ លោកហ្សាការីយ៉ា អាដាម ក៏បានណែនាំឱ្យមានការរៀបចំសិក្ខាសាលាបែបនេះឱ្យបានច្រើនដង ដើម្បីផ្សព្វផ្សាយចំណេះដឹងរបស់សាសនាអ៊ិស្លាមទៅក្នុងចំណោមយុវជន និងសង្គមជាតិទាំងមូល ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានឱ្យដឹងថា ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ សាសនាអ៊ិស្លាមនៅកម្ពុជានៅមានកម្រិតក្នុងការបណ្តុះបណ្តាលកូនចៅដែលជាសាសនិកអ៊ិស្លាម ។ ដូចនេះជាចាំបាច់យើងត្រូវបង្កើនការលើកកម្ពស់ផ្នែកអប់រំឱ្យបានកាន់តែច្រើនថែមទៀត ។ លោកបន្តទៀតថាយុវជនអ៊ិស្លាមទាំងប្រុសស្រីមានតួនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍសហគមន៍អ៊ិស្លាម និងសង្គមជាតិទាំងមូលតាមរយៈការខិតខំរៀនសូត្រឱ្យមានជំនាញផ្សេងៗ ការអភិវឌ្ឍខ្លួនឯង ការរាប់អានស្រឡាញ់ មានសាមគ្គីភាពគ្នារវាងយុវជន និងយុវជន និងការតាំងចិត្តខ្ពស់ក្នុងការបង្ហាញភាពគំរូរបស់ខ្លួនទៅកាន់យុវជនដទៃទៀត ដូចជាការអប់រំដ៏ល្អប្រពៃណី និងសាសនា អ៊ិស្លាមជាដើម ។ លើសពីនេះយុវជនអ៊ិស្លាមត្រូវធ្វើខ្លួនឱ្យក្លាយជាសិស្សល្អ និស្សិតល្អ យុវជនល្អ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនទៅនឹងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន សុរា ល្បែងស៊ីសង និងអំពើអបាយមុខផ្សេងៗ ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ ក៏បានណែនាំដល់យុវជនទាំងអស់ត្រូវអភិវឌ្ឍន៍ខ្លួន ខិតខំរៀនសូត្រក្រេបយកចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍ និងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀត ៕
ចែករំលែកព័តមាននេះ