រាជធានីភ្នំពេញ ៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញបានស្ថាបនាផ្លូវបេតុងចំនួន៣ខ្សែ គឺផ្លូវលេខ១៩៧២ ផ្លូវលេខ១៩៧០ និងផ្លូវលេខ១០១១ នៅក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ លោក នង គុន្ធរ៉ា ប្រធានអង្គភាពសាធារណការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសំណូមពរដល់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវខាងលើ ដែលមិនទាន់មានប្រព័ន្ធទឹកស្អាតចូលផ្ទះ ត្រូវរូតរះសុំតបណ្តាញទឹកឲ្យបានឆាប់រហ័សនៅពេលដែលផ្លូវមិនទាន់ស្ថាបនារួច ជៀសវាងផ្លូវស្ថាបនារួច ទើបមកសុំកាត់ផ្លូវតទឹក ជាពិសេសម្ចាស់ដីឡួត៍ដែលទុកដីចោល ។
លោក នង គុន្ធរ៉ា ឲ្យដឹងទៀតថា ផ្លូវទាំង៣ខ្សែនេះត្រូវបានស្ថាបនា ពីផ្លូវដីឲ្យទៅជាផ្លូវបេតុង រួមទាំងការស្ថាបនាប្រព័ន្ធលូមេថ្មីទំហំមុខកាត់៨តឹកផងដែរ ក្នុងនោះផ្លូវលេខ១៩៧២ ប្រវែង៧៦០ម៉ែត្រ ដាក់លូអមសងខាងផ្លូវបាន ប្រវែងសរុប១.៣០០ម៉ែត្រ,ចាក់បេតុងឆ្អឹងដែកបានប្រវែង៣២០ម៉ែត្រ ទទឹង៧ម៉ែត្រ ។ ចំណែកផ្លួវលេខ១៩៧០ មានប្រវែង៧០០ម៉ែត្រមកដល់ពេលនេះ ដាក់ប្រព័ន្ធលូបានប្រវែង៣០០ម៉ែត្រ,ចាក់បេតុងផ្លូវបានប្រវែង១២០ម៉ែត្រ ទទឹង៧ម៉ែត្រ ។ ដោយឡែកផ្លូវលេខ១០១១ មានប្រវែង៧០០ម៉ែត្រ ដាក់លូបានប្រវែង២៥០ម៉ែត្រ ។
លោកប្រធានអង្គភាព បានឲ្យដឹងទៀតថា សំណង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺប្រើប្រាស់គម្រោងថវិកាជាតិឆ្នាំ២០១២ និងបានសំណូមពរដល់ប្រជាពលរដ្ឋឲ្យចូលរួមសហការជាមួយមន្រ្តីជំនាញ ដើម្បីឲ្យការស្ថាបនាផ្លូវ និងប្រព័ន្ធលូសម្រេចតាមគម្រោងដែលបានគ្រោងទុក ។ គិតមកដល់ពេលនេះ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ដំណើរការស្ថាបនាផ្លូវបេតុងបានជាង៨០ខ្សែ ស្មើនឹងជាង៤០គីឡូម៉ែត្រ ក្នុងសង្កាត់ចំនួន៣ គឺសង្កាត់ទឹកថ្លា សង្កាត់ភ្នំពេញថ្មី និងសង្កាត់ឃ្មូញ ក្រោមការយកចិត្តទុកដាក់ពីលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ