ខេត្តកណ្តាល ៖ កាលពីថ្ងៃទី២៦ សីហា កន្លងទៅ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំលើកដែក ស្រុកកោះធំ មានបើកកិច្ចប្រជុំការងារ ក្រោមអធិបតីភាពលោកបណ្ឌិត ណៅ ធួក ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជល ។
កិច្ចដំណើរការនៃកិច្ចប្រជុំក៏មានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីសំណាក់តំណាងគណៈកម្មាធិការបក្សឃុំ ពីសំណាក់ប្រធានក្រុមការងារនៅតាមភូមិទាំង៦ របស់ឃុំលើកដែក អំពីការលំបាក ភាពងាយស្រួល និងលទ្ធផលការងារដែលសាខាបក្ស និងក្រុមបក្សសម្រេចបានឈានឆ្ពោះទៅធ្វើឱ្យការងារនយោបាយ និងសតិអារម្មណ៍មានភាពរឹងមាំឈានឆ្ពោះទៅទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតសាកលនាឆ្នាំ២០១៣ខាងមុខ ។
លោកបណ្ឌិតណៅ ធួក មានប្រសាសន៍ថាតាងនាមប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយឃុំលើកដែក លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាខាបក្ស ក្រុមបក្ស និងសមាជិកគណបក្សប្រជាជនកម្ពុជាឃុំលើកដែក ក្នុងការបំពេញតួនាទីភារកិច្ចជាកម្លាំងស្នូលរបស់ប្រជាជន មហាជន អនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកបណ្ឌិតណៅ ធួក បានសង្កត់ធ្ងន់ពីសភាពការណ៍ថ្មីៗមួយចំនួនដូចជា កិច្ចដំណើរការកំណែទម្រង់វិស័យជលផលលើកទី២ ឈានឆ្ពោះទៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការបកស្រាយរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំរដ្ឋសភា ស្តីពីការងារព្រំដែន និងយុទ្ធនាការយុវជនស្ម័គ្រចិត្តចុះអនុវត្តនយោបាយចាស់សកម្មភាពថ្មី នៅក្នុងវិស័យដីធ្លី ។
នាឱកាសនោះ លោកបណ្ឌិតណៅ ធួក និងសហការី ក៏បានអញ្ជើញទៅពិនិត្យវាយតម្លៃគម្រោងសាងសង់ស្ពានព្រែកអាចារ្យទី ដែលកន្លងមកមានសភាពចាស់ទ្រុឌទ្រោម ហើយឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋឃុំលើកដែក ស្ពានព្រែកអាចារ្យទីនេះ ត្រូវចាប់ផ្តើមសាងសង់ថ្មី ក្នុងនោះលោកបណ្ឌិតប្រធានក្រុមការងារចុះជួយឃុំលើកដែក និងលោកជំទាវមាស ស៊ីថន ណៅ ធួក បានបរិច្ចាគធនធានផ្ទាល់ខ្លួនរួមចំណែកកសាងស្ពានឆ្លងព្រែកនេះនូវថវិកាចំនួន១៥.០០០ដុល្លារសហរដ្ឋអាេមរិក ៕
ចែករំលែកព័តមាននេះ