រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេអះអាងថាមានសតិមិនប្រក្រតី បានគំរាមផឹកថ្នាំកណ្តុរនិងចង.កសម្លាប់ខ្លួនដោយនិយាយប្រាប់គេឯងថា ខ្លួនមិនចង់រស់នៅទេពិបាកចិត្តណាស់ព្រោះអ្នកភូមិជាមួយគ្នាតាមរករឿង បន្ទាប់ពីមានស្រ្តីម្នាក់ត្រូវចរន្តអគ្គិសនីឆក់ហើយទៅជួយសង្គ្រោះតែពុំបានសម្រេច ។ ទោះបីជាយ៉ាងណា ការអះអាងនេះគ្មានមូលដ្ឋានច្បាស់លាស់ឡើយ ។
ការប៉ុនប៉ងសម្លាប់ខ្លួននេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី២៩ សីហា នៅខាងកើតជាប់ផ្សារដើមគ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។ បុរសដែលគេអះអាងថា មានជំងឺសរសៃប្រសាទនេះ ឈ្មោះគឺន ហ្សឺឌី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិកោះតេជោ ឃុំគរគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមសាក្សីឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់នេះធ្វើដំណើរតាមផ្លូវលេខ៣៣៦ខាងជើងផ្សារដើមគដោយនិយាយប្រាប់គេឯងថាពិបាកចិត្តណាស់ មានរឿងធំ ហើយពុំចង់រស់នៅទេ និងបានឱ្យបុរសម្នាក់ជួយរកទិញថ្នាំកណ្តុរឱ្យដើម្បីផឹកសម្លាប់ខ្លួនតែរកទិញពុំ បាន ។ បន្ទាប់ពីទិញថ្នាំមិនបាន បុរសរូបនេះបានដើរចុះឡើងនៅខាងកើតផ្សារដើមគប្រុងចង.កសម្លាប់ខ្លួននឹងឆត្រទៀតផង តែប្រជាពលរដ្ឋបានដើរតាមរហូតដើម្បីរារាំង ។ នៅយប់នោះ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនគរបាលប៉ុស្តិ៍ផ្សារដើមគក៏បានចុះទៅដល់កន្លែងកើតហេតុដើម្បីសួរនាំ ។
តាមបុរសរូបនេះបានប្រាប់ឱ្យដឹងថា ខ្លួនមានរឿងធំហើយត្រូវគេតាមរករឿងពិបាកចិត្តណាស់មិនចង់រស់នៅឡើយ ។ កាលពីប៉ុន្មានថ្ងៃមុនប្រពន្ធអ្នកភូមិម្នាក់ត្រូវចរន្តអគ្គិសនីឆក់ហើយខ្លួនបានទៅជួយសង្គ្រោះតែមិនអាចជួយបាន លុះក្រោយមក បុរសជាប្តីក៏បានចង.កសម្លាប់ខ្លួនតាមប្រពន្ធទៀត ។ ដោយសារតែជួយសង្គ្រោះគេមិនបានថែមទាំងត្រូវបងប្អូន២នាក់ប្តីប្រពន្ធនោះចោទប្រកាន់និងតាមរករឿងទៀតទើបខ្លួនរត់គេចមករកបងប្អូននៅសង្កាត់ផ្សារដើមគឱ្យជួយ ។
នៅយប់ថ្ងៃទី២៩ សីហា នោះ នគរបាលប៉ុស្តិ៍បានសួររកលេខទូរស័ព្ទបងប្អូន និងជូនទៅដល់ផ្ទះម្តាយធំនៅខាងលិចសណ្ឋាគារឈូកទិព្វហើយត្រូវបានបងប្អូន និងម្តាយធំប្រាប់ឱ្យដឹងថា ឈ្មោះគឺន ហ្សឺឌី នោះមានជំងឺសរសៃប្រសាទរយៈពេលប្រមាណ៣ឆ្នាំមកហើយ ៕
ចែករំលែកព័តមាននេះ