រាជធានីភ្នំពេញ ៖ លោក William E.Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងលោក Mark Gooding ឯកអគ្គរដ្ឋទូតនៃចក្រភពអង់គ្លេស នឹងរួមគ្នារៀបចំពិធីបញ្ចាំងកីឡាអូឡាំពិកសម្រាប់ជនពិការ ដោយផ្សាយផ្ទាល់ពីទីក្រុងឡុងនៃប្រទេសអង់គ្លេស ដោយចាប់ផ្តើមនៅថ្ងៃពុធ ទី៥ កញ្ញា ឆ្នាំ២០១២ វេលាម៉ោង៤និង៣០នាទីរសៀល នៅស្ថានទូតសហរដ្ឋអាមេរិក ។
តាមរយៈការជួយរបស់អង្គការ Veterans International Cambodia អង្គការក្រុមប្រឹក្សាសកម្មភាពជនពិការ (Disability Action Council) អង្គការជនពិការកម្ពុជា (Cambodian Disabled People’s Organization) និងអង្គការជនពិការអន្តរជាតិ (Handicap International) ភ្ញៀវដែលត្រូវបានអញ្ជើញរួមមាន ជនរងគ្រោះដោយគ្រាប់មីន និងជនពិការ ដើម្បីបង្ហាញពីការភ្ជាប់គម្លាតគ្នា និងការទទួលយកជនពិការ ។ កីឡាករកម្ពុជាឈ្មោះ ទិន សេងហុង នឹងចូលរួមប្រកួតក្នុងជុំទី១ ក្នុងការរត់ល្បឿនចម្ងាយ២០០ម៉ែត្រ នៅម៉ោង៥និង០៣នាទីល្ងាច (ម៉ោងនៅប្រទេសកម្ពុជា) ។
អ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមក្នុងឱកាសនេះ ត្រូវចុះឈ្មោះត្រឹមម៉ោង១១ព្រឹក ថ្ងៃអង្គារ ទី៤ កញ្ញា ដោយទាក់ទងមកផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងភ្នំពេញតាមរយៈទូរស័ព្ទលេខ០២៣ ៧២៨ ៤៩២ ឬអុុីម៉េលមក chanC@state.gov ឬ ChreaV@state.gov ។ ការចុះឈ្មោះសម្រាប់ពិធីនេះមានកម្រិត ។ អ្នកសារព័ត៌មានត្រូវទៅដល់ស្ថានទូតយ៉ាងហោចណាស់៣០នាទីមុនពិធីចាប់ផ្តើម ។
ស្តីពីកីឡាអូឡាំពិកសម្រាប់ជនពិការដោយបានចាប់ផ្តើមឡើងនៅប្រទេសអង់គ្លេសនៅឆ្នាំ១៩៤៨ កីឡានេះមានបំណងលុបបំបាត់ទស្សនៈយល់ខុសទៅលើជនពិការ ហើយមានបំណងលើកកម្ពស់សិទ្ធិរបស់ជនពិការ ដោយសង្កត់ធ្ងន់លើបញ្ហាដូចជា ការអាចចូលដល់កន្លែងនានា ដូចមនុស្សធម្មតា ការរាប់បញ្ចូលជនពិការ និងការទទួលបានការលំហែកម្សាន្ត ការអប់រំ និងការងារធ្វើតាមរយៈកីឡា។
នៅឆ្នាំនេះ ការប្រកួតកីឡាអូឡាំពិកសម្រាប់ជនពិការមានរយៈពេល១១ថ្ងៃ (ពីថ្ងៃទី២៩ សីហា ដល់ថ្ងៃទី៩ កញ្ញា ) មានវិញ្ញាសាដែលត្រូវប្រកួតយកមេដាយចំនួនជាង៥០០វិញ្ញាសា កីឡាចំនួន២០ មុខសម្រាប់ជនពិការ ទីកន្លែងប្រកួតចំនួន២១ និងមានកីឡាករ កីឡាការិនី ចូលរួមចំនួន៤.២០០នាក់ ៕
ចែករំលែកព័តមាននេះ