តាមរបាយការណ៍ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី៣១ សីហា បានផ្សាយថា ឧទ្ធម្ភាគចក្រ២គ្រឿង របស់កងទ័ពអាកាសឥណ្ឌាបានបុកគ្នានៅកណ្តាលលំហអាកាស ខណៈពេលកំពុងសមយុទ្ធនៅឯរដ្ឋឃូសរ៉ាតភាគខាងលិចប្រទេសឥណ្ឌា បណ្តាលឱ្យទ័ពអាកាសចំនួន៩នាក់បានស្លាប់បាត់បង់ជីវិត ។
ស្ថានីយទូរសទស្សន៍ក្នុងស្រុកបានបង្ហាញរូបភាពក្នុងពេលកើតហេតុជាប្រភេទឧទ្ធម្ភាគចក្រ «MI-17» ផលិតនៅប្រទេសរុស្ស៊ី ។ ចំណែកតំបន់ដែលឧទ្ធម្ភាគចក្រ បានធ្លាក់ជាទីតាំងយោធាដែលមានប្រជាជនរស់នៅតិចតួចក្បែរមូលដ្ឋានទ័ពអាកាសចាមណាហ្គា រដ្ឋឃូសរ៉ាត មានព្រំប្រទល់ជាប់ប្រទេសប៉ាគីស្ថាន ។
មកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍បញ្ជាក់ពីការខូចខាត ឬប៉ះពាល់អ្វីខ្លះ នៅក្នុងបរិវេណកើតហេតុខាងលើ តែរបាយការណ៍បានបញ្ជាក់ថា ឧបទ្ទវហេតុដ៏កម្រនេះ បណ្តាលឱ្យមន្ត្រីយោធាជើងអាកាសរបស់ឥណ្ឌាបាត់បង់ជីវិត៩នាក់ ។ គេកត់សម្គាល់ផងដែរថា ថ្វីបើកពិភពលោកកម្រជួបហេតុការណ៍ដ៏អាក្រក់នេះមែន តែសម្រាប់ប្រទេសឥណ្ឌាគេសង្កេតឃើញឧប្បត្តិហេតុនេះកើតមានជាញឹកញាប់ដោយសារតែភាពមិនទាន់សម័យរបស់ឧបករណ៍ប្រើប្រាស់ ។
តាមការវាយតម្លៃបញ្ជាក់ថា ជាងពាក់កណ្តាលនៃយន្តហោះចម្បាំងដែលជួបឧបទ្ទវហេតុជាប្រភេទយន្តហោះស៊េរីចាស់875 MiG ទិញពីក្រុងមូស្គូតាំងពីអំឡុងឆ្នាំ១៩៦០ ។ បច្ចុប្បន្ន ឥណ្ឌាមានគម្រោងទិញអាវុធយុទ្ធោបករណ៍ថ្មីៗ ជំនួសវត្ថុចាស់ៗតាំងពីយុគសម័យសង្គ្រាមលោកលើកទី២ ដែលមានទឹកប្រាក់ដល់ទៅ១០០.០០០លានដុល្លារ ដែលគម្រោងនេះមានរយៈពេល១០ឆ្នាំ ៕
ចែករំលែកព័តមាននេះ