ប្រភពព័ត៌មានមន្ទីរពេទ្យរាយការណ៍ថា មនុស្សយ៉ាងតិច៩នាក់ ក្នុងនោះមានកុមារ២នាក់ បានត្រូវស្លាប់ ហើយ២០នាក់ទៀត ត្រូវរបួស ក្នុងការផ្ទុះគ្រាប់បែកមួយនៅក្រុងប៉េសាវ៉ា ភាគពាយ័ព្យប៉ាគីស្ថាន កាលពីយប់ថ្ងៃទី៣១ សីហា ។ ការផ្ទុះកើតមាននៅស្ថានីយរថយន្ត MATTNI BAZAAR ជាយក្រុងប៉េសាវ៉ា ។ យោងតាមប៉ូលិសថា គ្រាប់បែកត្រូវបានដាក់នៅកន្លែងចតរថយន្តមួយរបស់ស្ថានីយជួសជុលរថយន្តមួយ រួចត្រូវបានបញ្ជាឱ្យផ្ទុះពីចម្ងាយតាមរយៈតេឡេកុំម៉ង់ ។ យោងតាមពួកអ្នកជួយសង្គ្រោះថា មនុស្ស៣នាក់ស្លាប់នៅនឹងកន្លែង ខណៈមនុស្ស៦នាក់ទៀត ស្លាប់នៅមន្ទីរពេទ្យ ។
ទូរទស្សន៍ក្នុងស្រុក AAJ TV រាយការណ៍ថា មនុស្ស១១នាក់ បានត្រូវស្លាប់ក្នុងការផ្ទុះនោះ ក៏ប៉ុន្តែយោងតាមប្រភពព័ត៌មានមួយទៀតថា សាកសពមនុស្ស៩នាក់ ស្ថិតនៅមន្ទីរពេទ្យ ។ ប្រភពមន្ទីរពេទ្យនិយាយថា អ្នករបួសយ៉ាងតិច៦នាក់ ក្នុងចំណោមអ្នករបួស២០នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ។
យោងតាមក្រុមអ្នកដោះមីនថា គ្រឿងផ្ទុះដល់ទៅជិត៤០គ.ក្រ ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនោះដែលឱ្យខូចខាតហាងទំនិញប្រមាណជា១០ និងរថយន្ត៦គ្រឿង ។ កម្លាំងផ្ទុះពិតជាខ្លាំងដែលធ្វើឱ្យកក្រើកតំបន់នោះ ទាំងមូល ហើយបង្កភាពជ្រួលច្របល់ក្នុងចំណោម ប្រជាជន ៕
ចែករំលែកព័តមាននេះ