រាជធានីភ្នំពេញ ៖ សាលារាជធានីភ្នំពេញបានរៀបចំពិធីសែនក្រុងពាលីរូបសំណាកអតីតមេទ័ពខ្មែរគឺតេជោមាស និងតេជោយ៉តស្ថិតក្រោមអធិបតីភាពលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងលោកជំទាវត្រៀមសម្ពោធជាផ្លូវការនៅថ្ងៃទី១ កញ្ញានេះ ។ ពិធីនេះធ្វើឡើងទៅតាមប្រពៃណីព្រះពុទ្ធសាសនាដោយមានការនិមន្តព្រះសង្ឃចំនួន៦៩អង្គសម្តែងព្រះបរិត្ត ។
រូបសំណាកអតីតមេទ័ពខ្មែរទាំង២រូបកំពុងជិះសេះសាងសង់ឡើងពីស្ពាន់មានកម្ពស់៣,៦ម៉ែត្រ ឈរលើផ្ទាំងថ្មដាមួយដុំធំបណ្តោយប្រវែង៥ម៉ែត្រ និងកម្ពស់១,៨ម៉ែត្រ អមដោយផ្កាចម្រុះពណ៌ព័ទ្ធជុំវិញ ដាក់នៅចំកណ្តាលរង្វង់មូលមានវិជ្ឈមាត្រ៧,៤០ម៉ែត្រ និងព័ទ្ធជុំវិញដោយជញ្ជាំងខឿនធ្វើពីឥដ្ឋ កម្ពស់៤០សង្ទីម៉ែត្រ កំរាស់៤០សង្ទីម៉ែត្រ ។
រូបសំណាកនេះសាងសង់ឡើងដោយសាលារាជធានីភ្នំពេញតំកល់នៅលើសួនច្បារមុខវត្តឧណ្ណាលោមនាមាត់ទន្លេដើម្បីឧទ្ទិសដល់វីរភាពដ៏អង់អាចក្លាហានរបស់មេទ័ពទាំង២រូប និងទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីប្រវត្តិពិតរបស់មេទ័ពខ្មែរ និងទាក់ទាញភ្ញៀវទេសចរ និងលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញ ។ ពិធីសម្ពោធរូបសំណាកទាំង២នេះសាលារាជធានីភ្នំពេញធ្វើឡើងស្របគ្នានឹងពិធីបើកពិព័រណ៍ និងបង្ហាញនំ និងបង្អែមខ្មែរ ឆ្នាំ២០១២ យ៉ាងឧឡារិក ។ តាមមន្ត្រីសាលារាជធានីភ្នំពេញឱ្យដឹងថា ពិធីដ៏មានអត្ថន័យទាំង២នេះធ្វើឡើងរយៈពេល៣ថ្ងៃគឺថ្ងៃទី៣០,៣១ សីហា និងថ្ងៃទី១ កញ្ញា ។ នៅយប់ថ្ងៃទី១ កញ្ញា មានរៀបចំការបាញ់កាំជ្រួច និងបិទកំណាត់វិថីព្រះស៊ីសុវត្ថិជាបណ្តោះអាសន្ន ។ ការបង្ហាញនំ និងបង្អែមខ្មែរដែលរៀបចំឡើងនាពេលនេះមានចំនួន៤៦ស្តង់មកពីរាជធានីភ្នំពេញ និងខេត្តបាត់ដំបងដែលអាជីវករខិតខំបញ្ចេញស្នាដៃផលិតមានប្រភេទនំវេចខ្ចប់ នំបង់ខ្លាញ់ នំក្រៀម បង្អែម តំណាប់ជាដើម ។
នៅក្នុងឱកាសនោះលោកកែប ជុតិមា មានប្រសាសន៍ថា ការបង្ហាញនំ និងបង្អែមខ្មែរនាពេលនេះគឺយើងចង់រក្សាអត្តសញ្ញាណជាតិប្រពៃណី វប្បធម៌ជាតិដែលជាការរួមចំណែករក្សាការពារមិនឱ្យបាត់បង់នូវអ្វីដែលជារបស់ខ្មែរ ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយស្គាល់ពីវប្បធម៌ខ្មែរ និងជាការបង្ហាញ ។ លើសពីនេះជាការផ្ទេរបទពិសោធន៍ចំណេះដឹងពីការធ្វើនំ និងបង្អែមដ៏មានឱជារស ទាំងឡាយឱ្យកូនចៅជំនាន់ក្រោយបានយល់ដឹង និងរួមចំណែករក្សាការពារ បន្តកេរដំណែលដូនតារបស់យើងក្នុងមោទនភាពជាតិដែលជាប្រទេសសំបូរដោយវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏យូរលង់មកហើយ និងបញ្ជាក់ពីភាពប៉ិនប្រសប់របស់កុលបុត្រ កុលធីតាខ្មែរ ក្នុងការធ្វើនំចំណី និងបង្អែមដោយច្នៃចេញពីភោគផលកសិកម្ម ពីធម្មជាតិ និងមានការវេចខ្ចប់ប្រកបដោយអនាម័យ និងមានការរចនាយ៉ាងល្អ ។
មន្ត្រីសាលារាជធានីភ្នំពេញឱ្យដឹងពីប្រវត្តិសង្ខេបរបស់តេជោមាស និងេតជោយ៉ត ដោយយោងតាមឯកសារមហាបុរសខ្មែរថា តេជោមាសជាកូនរបស់ចៅហ្វាយស្រុកក្រកោះ ខេត្តអាសន្ទុក (បច្ចុប្បន្នខេត្តកំពង់ធំ) ។ កាលនៅវ័យកុមារតេជោមាសជាក្មេងមានចរិតជាអ្នកដឹកនាំបានគ្រប់គ្រងលើក្មេង៥០០នាក់ ហើយមានភាពវៃឆ្លាតលើសក្មេងដទៃ ។ តេជោមាសទទួលការងារក្នុងជួរមន្ត្រីរាជការ ជាក្រឡាពាសឆ្វេង(ជំទប់) ស្រុកសំរោងទង និងក្រោយមកបានឡើងជាចៅហ្វាយស្រុកនេះ ។ បន្ទាប់មកទៀតតេជោមាសបានទទួលងារជាចៅពញាតេជោប៉ាអង្គ(មន្ត្រីជាន់ខ្ពស់) ។
ក្រោយមកតេជោមាសក្លាយជាមេទ័ពដែលមានដាវអាជ្ញាសឹកប្រទានពីព្រះមហាក្សត្រ ហើយបាននាំទ័ពទៅបង្ក្រាបក្រុមបះបោរដែលមានព្រះរាម កែវ ព្រះភ្លើងជាមេខ្លោង និងបានបង្ក្រាបក្រុមបះបោរជាច្រើនទៀតបានទទួលជោគជ័យជាបន្តបន្ទាប់ ។ តេជោមាស ត្រូវបានព្រះរាជាតែងតាំងជាស្តេចត្រាញ់ និងប្រទានងារជាឧកញ៉ាតេជោបុរារាជ ។ ចំណែកតេជោយ៉តវិញ ជាទាសករដែលត្រូវតេជោមាសលោះមកធ្វើជាខ្ញុំបម្រើ ។ តេជោយ៉តមានចរិតឫកពាស្លូតបូត សុភាពរាបសារ គោរពដឹងគុណ បម្រើម្ចាស់ដោយចិត្តស្មោះ និងមានភាពវៃឆ្លាតទាំងអក្សរសាស្ត្រ ទាំងសិល្ប៍វិជ្ជាការ។
ដោយឧបនិស្ស័យអ្នកទាំង២បានរស់នៅជាមួយគ្នាប្រកបដោយភាពចម្រុងចម្រើនទាំងបុណ្យសក្តិ និងទ្រព្យសម្បត្តិ ព្រមជាមួយកេរ្តិ៍ឈ្មោះល្បីរន្ទឺ ។ដោយការគោរពប្រកបដោយភាពស្មោះត្រង់ចំពោះចៅហ្វាយ តេជោយ៉តបានទទួលចំណេះជំនាញពីេតជោមាស ហើយមានស្នាដៃល្បីរន្ទឺជាបន្តបន្ទាប់ ក៏ត្រូវបានតែងតាំងជា«ឧកញ៉ារាមរាជតេជោយ៉ត» ។នៅរាជធានីភ្នំពេញមានរូបសំណាកបុព្វបុរសមួយចំនួនត្រូវបានរៀបចំដាក់តាំងនៅទីសាធារណៈដើម្បីសម្តែងនូវការដឹងគុណ និងជាការរំឭកឱ្យអ្នកជំនាន់ក្រោយបានស្គាល់ ដូចជា រូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ រូបសំណាកអ្នកព្រះភិរម្យភាសាអ៊ូក្រម ង៉ុយ ជាកវី និងអ្នកចម្រៀងចាប៉ីដងវែងជាដើម ។
លោកស្រី ម៉ក់វណ្ណ ស៊ីថា នាយកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញឱ្យដឹងថា ចំពោះពិធីបង្ហាញនំ និងបង្អែមខ្មែរនេះមានចំនួន៤២ស្តង់ និងមាន១៦៣មុខ ក្នុងនោះក៏មានអ្នកចូលរួមមកពីបណ្តាខេត្តផងដែរ ។ នេះជាការរៀបចំឡើងជារបៀបបុរាណខ្មែរសុទ្ធសាធ និងសំដៅបង្ហាញកូនខ្មែរឱ្យបានយល់ដឹង និងស្គាល់ពីអត្តសញ្ញាណជាតិ ស្គាល់នំ និងបង្អែមខ្មែរដែលមានយ៉ាងសំបូរបែប ។ លោកស្រី ម៉ក់វណ្ណ ស៊ីថា ឱ្យដឹងថា ប្រភេទនំ និងបង្អែមខ្មែរដែលត្រូវយកមកចូលរួមមានប្រភេទនំបង់ខ្លាញ់ នំវេចខ្ចប់ នំក្រៀម បង្អែមទឹក ប្រភេទតំណាប់ នំគ្រក់ នំបញ្ចុក កាហ្វេ ទឹកផ្លែឈើខ្មែរ និងការ៉េមផ្លែឈើខ្មែរ ៕
ចែករំលែកព័តមាននេះ