រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានី ចុះថ្ងៃទី២៩ សីហា ឱ្យដឹងថា នៅថ្ងៃទី១ ខែកញ្ញា ខាងមុខ វេលាម៉ោង៨ព្រឹក នៅសួនច្បារមុខវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ សាលារាជធានីនឹងធ្វើពិធីសម្ពោធឆ្លងរូបសំណាកតេជោមាស និងតេជោយ៉ត ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សាលារាជធានីបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងនេះថា ពិធីនេះធ្វើឡើងដើម្បីរំឭកដល់គំរូវីរភាពនៃមេទ័ពខ្មែរដែលមានស្នាដៃខ្លាំងពូកែ ហើយបានតស៊ូយ៉ាងមោះមុតបង្ក្រាបសត្រូវឈ្លានពានទឹកដី ការពារជាតិមាតុភូមិ ដើម្បីរក្សាទុកឱ្យអ្នកជំនាន់ក្រោយបានស្គាល់ និងចងចាំ ។ ក្នុងឱកាសនោះ ក៏មានពិធីរាប់បាត្រព្រះសង្ឃ៦៩អង្គ និងនៅវេលាម៉ោង៧យប់មានការបាញ់កាំជ្រួចអបអរសាទរផងដែរ ។
មន្ត្រីសាលារាជធានីភ្នំពេញ និងជាអ្នករៀបចំរូបសំណាកតេជោមាស និងតេជោ យ៉ត បានថ្លែងថា រូបសំណាកត្រូវបានលើកដាក់នៅលើជើងទម្រដ៏ធំមួយនៅត្រង់រង្វង់មូលមុខវត្តឧណ្ណាលោម ជាប់ដងទន្លេសាបត្រើយខាងលិច ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ។ រូបសំណាកមេទ័ពតេជោមាស និងតេជោយ៉ត បែរមុខឆ្ពោះទៅទិសពាយ័ព្យ ឬទិសប្រាសាទព្រះវិហារ ដើម្បីការពារទឹកដីនៃខេត្តព្រះវិហារ កុំឱ្យសត្រូវឈ្លានពានទឹកដីមកយាយីទៀត ដោយសារតែអតីតមេទ័ពកំពូលទាំង២រូបនេះ ធ្លាប់តស៊ូប្តូរផ្តាច់ការពារបូរណភាពទឹកដី ក្នុងអំឡុងសតវត្សទី១៧ ។
រូបសំណាកទាំង២នេះដាក់ទន្ទឹមគ្នា ជិះលើខ្នងសេះ ធ្វើអំពីស្ពាន់ មានកម្ពស់៣,០៦ម៉ែត្រ តម្កល់លើផ្ទាំងថ្មដា១ផ្ទាំង មានបណ្តោយ៥ម៉ែត្រ កម្ពស់១,៨០ម៉ែត្រ លម្អដោយផ្កាចម្រុះពណ៌ព័ទ្ធជុំវិញ ដាក់នៅចំរង្វង់មូល មានវិជ្ឈមាត្រ៧,៤០ម៉ែត្រ និងព័ទ្ធជុំវិញដោយជញ្ជាំងខឿនធ្វើអំពីឥដ្ឋកម្ពស់៤០សង្ទីម៉ែត្រ កម្រាស់៤០សង្ទីម៉ែត្រពីខាងក្រៅ ។
មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យដឹងពីប្រវត្តិសង្ខេបរបស់តេជោមាស និងតេជោយ៉ត ដោយយោងតាមឯកសារមហាបុរសខ្មែរថា តេជោមាសជាកូនរបស់ចៅហ្វាយស្រុកក្រកោះ ខេត្តអាសន្ទុក (បច្ចុប្បន្នខេត្តកំពង់ធំ) ។ កាលនៅវ័យកុមារភាព តេជោមាសជាក្មេងមានចរិតជាអ្នកដឹកនាំ បានគ្រប់គ្រងលើក្មេង៥០០នាក់ ហើយមានភាពវៃឆ្លាតលើសក្មេងដទៃ ។
តេជោមាស ទទួលការងារក្នុងជួរមន្ត្រីរាជការ ជាក្រឡាពាសឆ្វេង(ជំទប់) ស្រុកសំរោងទង និងក្រោយមកបានឡើងជាចៅហ្វាយស្រុកនេះ ។ បន្ទាប់មកទៀត តេជោមាស បានទទួលងារជាចៅពញាតេជោប៉ាអង្គ(មន្ត្រីជាន់ខ្ពស់) ។ ក្រោយមកតេជោមាស ក្លាយជាមេទ័ពដែលមានដាវអាជ្ញាសឹកប្រទានពីព្រះមហាក្សត្រ ហើយបាននាំទ័ពទៅបង្ក្រាបក្រុមបះបោរដែលមានព្រះរាមកែវព្រះភ្លើងជាមេខ្លោង និងបានបង្ក្រាបក្រុមបះបោរជាច្រើនទៀតបានទទួលជោគជ័យជាបន្តបន្ទាប់ ។ តេជោមាស ត្រូវបានព្រះរាជាតែងតាំងជាស្តេចត្រាញ់ និងប្រទានងារជាឧកញ៉ាតេជោបុរារាជ ។
ចំណែកតេជោយ៉តវិញ ជាទាសករដែលត្រូវតេជោមាសលោះមកធ្វើជាខ្ញុំបម្រើ ។ តេជោយ៉តមានចរិតប្ញកពាស្លូតបូត សុភាពរាបសា គោរពដឹងគុណ បម្រើម្ចាស់ដោយចិត្តស្មោះ និងមានភាពវៃឆ្លាតទាំងអក្សរសាស្ត្រ ទាំងសិល្ប៍វិជ្ជាការ ។ ដោយឧបនិស្ស័យ អ្នកទាំង២បានរស់នៅជាមួយគ្នាប្រកបដោយភាពចម្រុងចម្រើនទាំងបុណ្យសក្តិ និងទ្រព្យសម្បត្តិ ព្រមជាមួយកេរ្តិ៍ឈ្មោះល្បីរន្ទឺ ។ ដោយការគោរពប្រណិប័តន៍ប្រកបដោយភាពស្មោះត្រង់ចំពោះចៅហ្វាយ តេជោយ៉តបានទទួលចំណេះជំនាញពីតេជោមាស ហើយមានស្នាដៃល្បីរន្ទឺជាបន្តបន្ទាប់ ក៏ត្រូវបានតែងតាំងជា«ឧកញ៉ារាមរាជតេជោយ៉ត» ។
យោងតាមឯកសារ មេទ័ពតេជោយ៉ត ក៏ហ៊ានសម្លាប់អ្នកម្នាងជាទីគាប់ហប្ញទ័យរបស់ព្រះរាជា ដើម្បីជម្រះភាពស្មុគស្មាញនៅសមរភូមិក្រោយ មុននឹងចេញទៅសមរភូមិមុខ លុះឈ្នះសង្គ្រាមហើយតេជោយ៉ត សុខចិត្តពាក់ខ្នោះដោយខ្លួនឯង ដើម្បីឱ្យព្រះរាជាទ្រង់វិនិច្ឆ័យទោសជាក្រោយ ។
ក្រុមអ្នករៀបចំរូបសំណាកអះអាងថា យោងតាមប្រវត្តិឯកសារក៏បានបង្ហាញថា ពេលប្រទេសមានសង្គ្រាមជាមួយនឹងបរទេស កងទ័ពជាប់ដៃប្រយុទ្ធទប់ទល់ជាមួយពួកចោរឈ្លានពានទឹកដី មេទ័ពផ្សេងៗនិងពួកមន្ត្រីរាជការនៅជុំវិញស្តេចនាសម័យនោះបង្កបញ្ហាពុករលួយ ដណ្តើមអំណាចកាប់ចាក់គ្នា រហូតធ្វើឱ្យតេជោយ៉តប្រើយុទ្ធសាស្ត្រអូសប្ញស្សីបញ្ច្រាសចុង ដើម្បីវែកមុខរកខ្មាំងបង្កប់ផ្ទៃក្នុងទទួលបានជោគជ័យ ហើយសម្លាប់ប្អូនថ្លៃស្តេចចៅចុងរ៉ាក់កែ ដែលប្រឆាំងនឹងយុទ្ធសាស្ត្រអូសប្ញស្សីបញ្ច្រាសចុងនេះថែមទៀត ។
មានការកត់សម្គាល់ថា ក្នុងរយៈពេលជាង៩ឆ្នាំកន្លងមកនេះ លោកកែប ជុតិមា ក្នុងនាមជាអភិបាលរាជធានីភ្នំពេញ បានផ្តួចផ្តើមកសាងរូបសំណាកលោកយាយពេញនៅវត្តភ្នំ រូបសំណាកសម្តេចព្រះសង្ឃរាជជួន ណាត ភិរម្យភាសាអ៊ូ ហៅង៉ុយ រូបសំណាកព្រះគណេស រូបសំណាកនាគធំ នៅវត្តភ្នំ និងបង្កាន់ដៃស្ពាននាគបុរាណជាដើម ក្រោមការកោតសរសើរពីសំណាក់សម្តេចតេជោ ហ៊ុន សែន ។
ដោយឡែក នៅថ្ងៃទី៣០ សីហា វេលាម៉ោង២រសៀល លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបូជាទេវតា ទេវរូប នៅរូបសំណាកមេទ័ពតេជោមាស និងតេជោ យ៉ត នៅសួនច្បារមុខវត្តឧណ្ណាលោមផងដែរ ៕
ចែករំលែកព័តមាននេះ