ខេត្តកំពង់ចាម ៖ រថយន្តម៉ាកឡិចស៊ីស៤៥០មួយគ្រឿងពណ៌សំបកឪឡឹកស៊េរី១៩៩៦ បានពន្លះជាមួយម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០១០ លាន់ដូចរន្ទះនៅត្រង់គល់ស្ពានគីហ្ស៊ុណាត្រើយខាងកើត ស្ថិតនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល៧យប់ថ្ងៃទី៣០ សីហា ដោយម៉ូតូត្រូវកៀបជាប់នៅក្រោមរថយន្តតែសំណាងម្ចាស់ម៉ូតូខ្ទាតចេញផុតពីមុខរថយន្តមិនគ្រោះថ្នាក់ដល់ជីវិតដោយគ្រាន់តែរងរបួសធ្ងន់ ។
លោក សូ សារ៉ាត់ អធិការរងនគរបាលស្រុកត្បូងឃ្មុំ ទទួលផែនសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងថា អ្នកជិះម៉ូតូឈ្មោះ យ៉ាន យាន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ ឈើទាលស្រុត ឃុំរំចេក ស្រុកកំពង់សៀម ត្រូវបានរថយន្តបុកផ្លោងខ្ទាតចេញពីម៉ូតូបោកទៅលើថ្នល់រងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ លោក អធិការរងស្រុកត្បូងឃ្មុំបន្តថា មុនពេលកើតហេតុម៉ូតូបានបើកពីកើតឆ្ពោះមកលិច រួមជាមួយម៉ូតូមួយគ្រឿងទៀត ពេលមកដល់ចំណុចគល់ស្ពានគីហ្សុ៊ណាត្រើយខាងកើត ក៏បានបើកវ៉ាម៉ូតូមួយគ្រឿងផុតបន្តិចក៏ត្រូវរថយន្តឡិចស៊ីសមួយគ្រឿងបើកបញ្ច្រាសទិសគ្នា មកដល់បុកពេញទំហឹងលាន់ដូចរន្ទះត្រង់ផ្លូវចុះចំណោតបណ្តាលឱ្យម៉ូតូ កៀបជាប់ក្រោមរថយន្តអូសបែកផ្កាភ្លើងជាង១០ម៉ែត្រ ចំណែកម្ចាស់ម៉ូតូផ្លោងខ្ទាតចេញពីម៉ូូតូប្រហែល៣ម៉ែត្ររងរបួសធ្ងន់ ។
លោកវរសេនីយ៍ត្រី ណា ចេ ប្រធានកងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តប្រាប់ឱ្យដឹងថា ពេលកម្លាំងរបស់លោកចេញល្បាតបានប្រទះឃើញរថយន្តឡិចស៊ីសខាងលើបុកជាមួយម៉ូតូក៏ជួយធ្វើអន្តរាគមន៍តែអ្នកបើករថយន្តបានគេចខ្លួនបាត់ស្រមោល ។ ចំណែករថយន្ត និងម៉ូតូត្រូវកម្លាំងជំនាញចរាចរស្រុកត្បូងឃ្មុំ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ