រាជធានីភ្នំពេញ ៖ ស្ត្រី២នាក់បានរងរបួសធ្ងន់ និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះខណៈដែលពួកនាងកំពុងដើរឆ្លងផ្លូវ ហើយមានរថយន្តមួយគ្រឿងបើកក្នុងល្បឿនលឿនរេចង្កូតជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងចំពីក្រោយដែលកំពុងបើកស្របទិសគ្នាធ្វើឱ្យម៉ូតូនោះខ្ទាតទៅបុកនារី២នាក់ខាងលើពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់ កាលពីវេលាល្ងាចថ្ងៃទី៣០ សីហា នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីត្រង់ចំណុចភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តដែលបើកបុកម៉ូតូពីក្រោយនោះមិនត្រូវបានគេស្គាល់ម៉ាកទេ ព្រោះក្រោយពេលបុកបានបើកគេចបាត់ស្រមោល ។ ដោយឡែកម៉ូតូដែលត្រូវរថយន្តបុកម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ហើយក្រោយពេលកើតហេតុអ្នកបើកម៉ូតូបានរត់គេចខ្លួនបាត់ទៀត ដោយទុកម៉ូតូចោល នៅកន្លែងកើតហេតុចំណែកឯស្ត្រីរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលមានគ្រោះថ្នាក់កើតឡើងគេបានឃើញរថយន្ត និងម៉ូតូបើកបរស្របទិសគ្នាក្នុងទិសដៅពីកើតទៅលិច ដោយម៉ូតូបើកបរខាងមុខ ឯរថយន្តបើកបរខាងក្រោយ លុះពេលមកដល់ចំណុចកើតហេតុរថយន្តនោះបានជ្រុលទៅបុកម៉ូតូពីក្រោយធ្វើឱ្យម៉ូតូនោះខ្ទាតទៅបុកស្ត្រី២នាក់ ដែលកំពុងដើរឆ្លងផ្លូវពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង ។ ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុគេបានឃើញរថយន្តបង្កបានបើករត់គេចបាត់ស្រមោល ចំណែកឯអ្នកបើកបរម៉ូតូសេ១២៥ នោះបានទុកម៉ូតូចោលរួចរត់គេចខ្លួនបាត់ដែរ ឯស្ត្រីរងគ្រោះត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
ប្រជាពលរដ្ឋស្តីបន្ទោសទៅលើរថយន្តថា ជាអ្នកបង្កហេតុដែលបើកអត់មើលមុខក្រោយហើយបុកអ្នកជិះម៉ូតូ បណ្តាលឱ្យម៉ូតូខ្ទាតទៅបុកស្ត្រីអ្នកដើរឆ្លងផ្លូវ២នាក់នោះទាំងកំរោលតែម្តង ។ សមត្ថកិច្ចបាននាំយកម៉ូតូខាងលើទៅរក្សាទុកដើម្បីដោះស្រាយ ៕
ចែករំលែកព័តមាននេះ