ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ចាន់ទុំ​​មាន​រស​ជាតិ​ផ្អែម​ ក្លិន​ក្រអូប​​​គួរ​ឱ្យ​ចង់​ទទួល​ទាន

13 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ ចាន់​ជា​ប្រភេទ​​ផ្លែ​ឈើ​ម៉្យាង​​​ភាគ​ច្រើន​​​​ដុះ​នៅ​​​តំបន់​​ព្រៃ​ភ្នំ​​​​​ ផ្លែ​របស់​វា​បើ​នៅ​ខ្ចី​មាន​រស​ជាតិ​ចត់​តែ​ពេល​វាទុំ​មានក្លិន​​ក្រអូប​​ប្រហើរ​ឈ្ងប់​​​ មាន​រស​ជាតិ​​ផ្អែម​ឆ្ងាញ់​​គួរ​ឱ្យ​ចង់​ទទួល​ទាន​ ។ គ្រួសារ​​អ្នកជន​បទ​​ ពិសេស​តំបន់​ព្រៃ​ភ្នំ​​បាន​​ដាំ​ដើម​ចាន់​នេះ លើ​ដី​ភូមិ​របស់​ខ្លួន​​ដើម្បី​អា​​ស្រ័យ​​​​ផល​ពី​វា ។​

ស្ត្រី​ឈ្មោះ ស៊ឹម​ ជីម ក្នុង​វ័យ​៦៥​ឆ្នាំ ​​រស់​នៅ​ក្នុង​ភូមិ​ភ្នំ​បុរី ​​ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គ​រ​បុរី ​ខេត្ត​តា​កែវ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​គ្រួសារ​​​គាត់​​មាន​ជីវភាព​​​រស់​នៅ​​ជាម​ធ្យម​ដោយ​​​​​សារ​តែ​​​បាន​ទទួល​​ប្រាក់​ចំណូល​ពី​​​​ការ​លក់​​ផ្លែ​​​ចាន់​ទុំ​ ។ ស្ត្រី​​ខាង​លើ​​​បន្ថែម​​​ថា ដើម​ចាន់​​​ដែល​គាត់​ប្រមូល​​ផល​ជា​​រៀង​​​រាល់​ថ្ងៃ​​​​នេះ​មាន​អាយុ​​​​កាលច្រើន​​ឆ្នាំ​ណាស់​​ទៅ​ហើយ​​តែ​វា​នៅ​តែ​​ផ្តល់​​​​ផ្លែ​​​យ៉ាង​ច្រើន​​​​សន្ធឹក​សន្ធាប់​​សម្រាប់​​គ្រួសារ​​របស់​គាត់​​ដែលអាច​​​លក់​ដូរ​យក​ប្រាក់​​ផ្គត់​ផ្គង់​​ជីវភាពបាន​មួយ​ចំណែក ។​

ផ្លែ​ចាន់​នេះ ក្នុង​មួយ​ឆ្នាំ​​ទទួល​ផល​បាន​តែ​ម្តង ​ទេ​ គឺ​​នៅ​ពេល​វា​ទុំ​​​​​ ។ ស្ត្រី​ ស៊ឹម ជីម បាន​​បញ្ជាក់​​ទៀត​ថា ​​ក្នុង​មួយ​​ថ្ងៃ​​គាត់​​ប្រមូល​​ផ្លែ​ចាន់​ទុំ​​បាន​ចាប់​ពី២​ទៅ​៣​តៅ​​ ​ហើយ​គាត់​​បាន​លក់​ទៅ​ឱ្យ​​​ម៉ូយ​​​ដែល​មក​​ទិញ​​​ដល់​ផ្ទះ​​ ឯតម្លៃ​​​​លក់​ចេញ​​​​គឺ​​៥០ផ្លែ​តម្លៃ​​៣.០០០​  រៀល ។  ស្ត្រី​​ឈ្មោះ ​ទៀង ​​អាយុ​​​៣០ឆ្នាំ​ដែល​តែង​តែ​មក​លើ​ក​ផ្លែ​ចាន់​ទុំ​​របស់​ស្ត្រី​ ជីម ​ទៅ​លក់​​បន្ត​​ស្ទើរ​​​​​តែ​​រាល់​ថ្ងៃ​ ​បាន​​អួត​សរ​សើរ​​​​ថា ​ផ្លែ​ចាន់​​ត្រូវ​បាន​​​​​គេ​និយម​ចូល​ចិត្ត​​​ហូប​ណាស់​​ ព្រោះ​​វា​មាន​រស​ជាតិ​​​ផ្អែម​​​និ​ងមា​ន​ពណ៌​លឿង​ទុំ​​​​ល្អ ​ជា​​ពិសេស​​​​​​​ទៀត ​នោះ​វា​​​​មានក្លិន​​ក្រអូប ។ ​​ស្រ្តី​​​ឈ្មោះ ម៉ុម អាយុ​​​​៤៩ឆ្នាំ​ ​និង​ជា​អ្នក​​ដែល​​បាន​ទិញ​​ផ្លែ​ចាន់​​​​​យក​ទៅ​លក់​​បន្ត​​​​ដែរ បាន​​​​បន្ថែម​​ថា អ្នក​​ភ​ូមិ​​របស់​គាត់​​​​​​ចូល​ចិត្ត​​ហូប​ផ្លែ​ចាន់​ទុំ​នេះ​​​​ណាស់​​ ។​

អ្នក​​​ភូមិ​​​​ដែ​ល​មាន​​​​ដើម​ចាន់​​បាន​​ឱ្យ​​​ដឹង​ថា ​​ការ​ដាំ​​​​ដើម​ចាន់​​នេះ  មាន​ភាព​ងាយ​ស្រួលណាស់មិន​​រើស​​​​ប្រភេទ​​​​ដី​នោះ​ទេ ​​​​ហើយពេល​​ខ្លះ​យើង​​​​អាច​ទទួល​បាន​​ប្រាក់​​កម្រៃ​​​​ពី​ការ​លក់​​​​​​ផ្លែ​ចាន់​ទុំ​នេះ​​បាន​គួរ​សម​ផង​ដែរ ៕