ធនាគារអង់គ្លេសបានទម្លាក់ការព្យាករកំណើនរបស់ខ្លួននៅឆ្នាំនេះដល់សូន្យដោយសារតែវិបត្តិសេដ្ឋកិច្ចបានប៉ះពាល់ដល់ប្រទេសអង់គ្លេស ។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះត្រូវបានគេទស្សន៍ទាយថា នឹងធ្លាក់ចុះខ្លាំង ពោលគឺធ្លាក់ចុះក្រោម១%ខុសពីអ្វីដែលបានព្យាករកាលពីលើកមុន ។
ប្រាក់ផោនអង់គ្លេសនិងសន្ទស្សន៍ផ្សារហ៊ុនFTSE របស់ទីក្រុងឡុងមានការផ្លាស់ប្តូរបន្តិចបន្តួច ។ បណ្តាក្រុមអ្នកវិភាគបាននាំគ្នានិយាយថា ទស្សនវិស័យនាពេលខាងមុខបង្ហាញឱ្យឃើញថា វិធានការលើកស្ទួយសាច់ប្រាក់បន្ថែមពីធនាគារអង់គ្លេសទំនងជានឹងធ្វើឡើង ក៏ដូចជាអាចមានការកាត់បន្ថយអត្រាប្រាក់កម្ចីរបស់ធនាគារអង់គ្លេសដល់០%មុនដំណាក់ឆ្នាំ២០១២ ។
ក្នុងរបាយការណ៍មួយរបស់ធនាគារកណ្តាលបានឱ្យដឹងថា ទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសនៅតែមិនប្រាកដប្រជាដដែល ។ ការគំរាមកំហែងដ៏ធំចំពោះការរើបឡើងវិញកើតចេញពីហានិភ័យ ដែលការឆ្លើយតបគោលនយោបាយប្រកបដោយប្រសិទ្ធភាពមិនត្រូវបានគេយកមកអនុវត្តនៅក្នុងតំបន់អឺរ៉ូ ដើម្បីធានាថា ការសម្របសម្រួលកម្រិតបំណុលនិងការប្រកួតប្រជែងដែលទាមទារដោយបណ្តាប្រទេសសមាជិកកើតឡើងយ៉ាងមានរបៀបរៀបរយ ។
អង់គ្លេសមិនមែនជាសមាជិករបស់តំបន់ចាយលុយអឺរ៉ូនោះទេ ប៉ុន្តែប្លុកប្រទេសទំាងអស់នោះជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួន ។ ធនាគារអង់គ្លេសបន្តថា ការច្របាច់បញ្ចូលគ្នានូវសារពើពន្ធនិងសា្ថានភាពឥណទានក្នុងស្រុកក៏ទំនងជាបន្តបង្កក្តីបារម្ភចំពោះតម្រូវការផងដែរ ។ ប្រទេសអង់គ្លេសបានគេចផុតពីវិបត្តិកាលពីចុងឆ្នាំ២០០៩ ប៉ុន្តែប្រទេសនេះបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចវិញនៅចុងឆ្នាំ២០១១ ។
តាមទិន្នន័យថ្មីៗនេះបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបធ្លាក់ចុះ០,៧% ចន្លោះពីខែមេសាដល់ខែមិថុនា ។ កាលពីសប្តាហ៍មុនធនាគារអង់គ្លេសបានបោះឆ្នោតដើម្បីរក្សាអត្រាការប្រាក់របស់ខ្លួនក្នុងកម្រិតក្រោម០,៥%និងរក្សាកម្រិតវិធានការជំរុញសាច់ប្រាក់ចំនួន៣៧៥ពាន់លានផោន បើទោះបីមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក៏ដោយ ៕
ចែករំលែកព័តមាននេះ