ខេត្តកំពង់ស្ពឺ ៖ កុមារម្នាក់បានលង់ទឹកស្លាប់ ខណៈពេលឪពុកម្តាយពុំនៅផ្ទះក៏ទៅងូតទឹកតែម្នាក់ឯងនៅក្នុងត្រពាំងក្រោយផ្ទះចម្ងាយប្រមាណ២៥០ម៉ែត្រពីផ្ទះ ដោយពុំមានអ្នកណាម្នាក់បានដឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៤ សីហា ២០១២ ស្ថិតនៅក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបរសេដ្ឋ។
សមត្ថកិច្ចបានឱ្យដឹងថា កុមាររងគ្រោះឈ្មោះសៅ ប៊ុនសៀ ភេទប្រុស អាយុ១២ឆ្នាំ ខណៈពេលឪពុកម្តាយពុំនៅផ្ទះកុមារនេះបានទៅងូតទឹកតែម្នាក់ឯងនៅឯត្រពាំងខាងក្រោយផ្ទះចម្ងាយប្រមាណ២៥០ម៉ែត្រពីផ្ទះ ។ លុះពេលឪពុកម្តាយវិលត្រលប់មកផ្ទះវិញពុំឃើញកូនក៏បានដើររកមើលប្រទះឃើញលង់ទឹកស្លាប់បាត់ទៅហើយបានស្រែកផ្អើលឆោឡោហៅបងប្អូនឱ្យជួយចុះស្រង់យកសពមកធ្វើបុណ្យតាមប្រពៃណី ។ តាមការសន្និដ្ឋានរបស់អ្នកភូមិត្រពាំងខ្យង ឱ្យដឹងថា ប្រហែលជាមានខ្មោចព្រាយ នាំទៅលេងទឹកហើយបានជាកុមាររងគ្រោះទៅលេងតែម្នាក់ឯង ដែលពីមុនមកពុំហ៊ានទៅលេងទឹកតែម្នាក់ឯងនោះទេ នេះគ្រាន់តែជាការសង្ស័យទៅលើអបិយជំនឿមួយរបស់អ្នកស្រុកប៉ុណ្ណោះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ