ខេត្តឧត្តរមានជ័យ ៖ កម្លាំងស៊ីម៉ាក់ (CMAC) បោសសម្អាតសំណល់គ្រាប់បែកចង្កោម និងផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅទិសខេត្តឧត្តរមានជ័យ ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានប្រកាសនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះថា ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទិសខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពCMAC បានបោសសម្អាតតំបន់រងការវាយប្រហារដោយគ្រាប់បែកចង្កោមដែលជាសំណល់យុទ្ធភណ្ឌសៀមឈ្លានពាន ដោយបានរំដោះភូមិដ្ឋាន និងដីស្រែចម្ការធានាសុខសុវត្ថិភាណជូនប្រជាពលរដ្ឋ ។

ក្នុងពេលជាមួយគ្នានេះ ក៏បានធ្វើការផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌទាំងនោះ ដោយមានសារសំខាន់មួយបានក្រើនរំលឹកពួកគាត់ថា ៖ « បងប្អូនបានរត់គេចផុតមានសុវត្ថិភាពពីការបាញ់ប្រហារគ្រាប់បែកចង្កោមសំដៅសម្លាប់មិនរើសមុខ ពីខ្មាំងសត្រូវ ដូចនេះបងប្អូនត្រូវតែគេចឱ្យផុតពីការរងរបួស ឬស្លាប់ដោយសារសំណល់មិនទាន់ផ្ទុះទាំងឡាយ ជាពិសេសគ្រាប់បែកចង្កោមនៅពេលវិលត្រឡប់មកលំនៅឋានវិញ។
ដោយអនុវត្តន៍វិធីសាស្ត្រងាយៗប៉ុណ្ណោះ តាមរយៈកុំប៉ះពាល់ ឬលើកដាក់ ឬជីកកកាយយកសំណល់គ្រាប់មិនទាន់ផ្ទុះទាំងនោះ ហើយត្រូវរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន កងកម្លាំងប៉ុស្តនគរបាលជាតិ ឬកងកម្លាំងCMACដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍ជូនបងប្អូន ៕



ចែករំលែកព័តមាននេះ