រាជធានីភ្នំពេញ ៖ សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ គឺជាឯកសារគោល ដែលផ្តល់ជាទស្សនវិស័យ និងតម្រង់ទិសការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់បម្រើឱ្យគោលបំណងសំខាន់ ចំនួន ៣ រួមមាន ៖
១).គាំទ្រការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល
២).ពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលនិងការវិភាជថវិកា
និង៣).ចូលរួមធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងចីរភាពហិរញ្ញវត្ថុសាធារណៈ ។
ទន្ទឹមនេះ សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈនេះ ក៏ដើរតួនាទីសំខាន់សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំក្របខ័ណ្ឌថវិការយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ និងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧ ផងដែរ ។
សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈនេះ នឹងចូលរួមគាំទ្រអាទិភាពគោលនយោបាយចម្បងៗ ចំនួន ៧ រួមមាន ៖
១.ការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ព្រមទាំងការធានាស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
២.ការខិតខំធានាលំនឹងជីវភាពប្រជាជន
៣.ការជំរុញពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍប្រភពថ្មីនៃកំណើន
៤.ការពង្រឹងបរិយាកាសធុរកិច្ចនិងការលើកកម្ពស់វិស័យឯកជន រួមទាំងការបន្តបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
៥.ការអភិវឌ្ឍមូលធនមនុស្សនិងសង្គម
៦.ការជំរុញបរិវត្តកម្មឌីជីថលនិងការអភិវឌ្ឍបៃតង
និង៧.ការពង្រឹងអភិបាលកិច្ច និងស្ថាប័ន ៕
ចែករំលែកព័តមាននេះ