ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈរដ្ឋមន្ត្រី​ ​អនុម័ត​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ ស្តី​ពី​សកម្មភាព​មីន ឆ្នាំ​២០២៦-២០៣៥

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សេចក្តី​ព្រាង​គោលនយោបាយ​នេះ មាន​គោលបំណង​បញ្ចប់​ការ​បោសសម្អាត​តំបន់​ ដែល​ដឹង​ថា​ មាន​មីន និង​គ្រាប់បែក​ចង្កោម កាត់​បន្ថយ​តំបន់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ផ្សេង​ទៀត និង​គាំទ្រ​កិច្ចសង្គ្រោះ​ជន​រង​គ្រោះ ប្រកបដោយ​ចីរភាព​និង​បរិ​យា​បន្ន…

រាជធានី​ភ្នំពេញ ៖ សេចក្តី​ព្រាង​គោលនយោបាយ​នេះ មាន​គោលបំណង​បញ្ចប់​ការ​បោសសម្អាត​តំបន់​ ដែល​ដឹង​ថា​ មាន​មីន និង​គ្រាប់បែក​ចង្កោម កាត់​បន្ថយ​តំបន់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ផ្សេង​ទៀត និង​គាំទ្រ​កិច្ចសង្គ្រោះ​ជន​រង​គ្រោះ ប្រកបដោយ​ចីរភាព​និង​បរិ​យា​បន្ន ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​លើកកម្ពស់​កិត្យានុភាព​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ ។

សេចក្តី​ព្រាង​គោលនយោបាយ​នេះ មាន​គោលដៅ​ចំនួន ៦ រួម​មាន ៖ ១).​រំដោះ​ផ្ទៃដី​ដែល​ដឹង​ថា​មាន​មីន​ទាំងអស់​ត្រឹម​ឆ្នាំ​២០៣០ និង​ផ្ទៃដី​ដែល​ដឹង​ថា​មាន​គ្រាប់បែក​ចង្កោម​ទាំងអស់ និង​ផ្ទៃដី​អាទិភាព​ដែល​មាន​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ត្រឹម​ឆ្នាំ​២០៣៥ ២).​កសាង​សមត្ថភាព​និង​បង្កើត​ក្របខ័ណ្ឌ​ជាតិ​ប្រកបដោយ​ចីរភាព ដើម្បី​គ្រប់គ្រង​សំណល់​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​ដែល​នៅ​សេសសល់ ៣).​ផ្តល់​ការ​អប់រំ​អំពី​គ្រោះថ្នាក់​ដោយសារ យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​ប្រកបដោយ​ប្រសិទ្ធភាព ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​នៃ​តម្រូវការ​និង​បរិបទ ៤).​ផ្តល់​សេវាកម្ម​និង​ជំនួយ​ឱ្យ​បាន​ទូលំទូលាយ​ប្រកបដោយ​ប្រសិទ្ធភាព ជូន​ដល់​ជន​រង​គ្រោះ​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ ៥).​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​និង​ជំនួយ​អន្តរជាតិ​ក្នុង​សកម្មភាព​មីន​ប្រកបដោយ​ប្រសិទ្ធភាព និង ៦).​ធានា​ថា សកម្មភាព​មីន​ឆ្លើយ​តប​បញ្ហា​អន្តរ​វិស័យ និង​ប្រើប្រាស់​កត្តា​ជំរុញ​ឱ្យ​ប្រសើរ​ឡើង ​។

សេចក្តី​ព្រាង​គោលនយោបាយ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​បន្ត​ពី​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ ដែល​កម្ពុជា​អនុវត្ត​បាន​យ៉ាង​ពេញលេញ និង​ដោយ​ជោគជ័យ​។ សេចក្តី​ព្រាង​នេះ គឺជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​តម្រង់​ទិស​ក្នុង​ការ​រៀបចំ​ផែនការ​សកម្មភាព​និង​យុទ្ធសាស្ត្រ​នានា នៃ​វិស័យ​សកម្មភាព​មីន​ឱ្យ​ល្អ​ប្រសើរ​ឡើង និង​ត្រៀមលក្ខណៈ​សម្រាប់​ដំណាក់កាល​គ្រប់គ្រង​ហានិភ័យ​ដែល​នៅ​សេសសល់​នៃ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្រោយ​បញ្ចប់​ការ​បោសសម្អាត​មីន និង​គ្រាប់បែក​ចង្កោម​ទូ​ទាំង​ប្រទេស​។ ទន្ទឹម​នេះ សេចក្តី​ព្រាង​នេះ បាន​តម្រង់​ចក្ខុវិស័យ​យ៉ាង​មុត​ស្រួច​ដោយ​ឈរ​លើ​ការ​គិតគូរ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ឱ្យ «​ប្រទេស​កម្ពុជា​រួច​ផុត​ពី​ផល​ប៉ះពាល់​នៃ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​ប្រកបដោយ​ចីរភាព ជំរុញ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ