ទីក្រុងប្រ៊ុចសែល៖ ថ្មីៗនេះ សហភាពអឺរ៉ុបបានធ្វើកិច្ចការសំខាន់២គឺការអនុម័តកញ្ចប់ថវិកាជំនួយ៩០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មរុស្ស៊ីជាលើកទី២០បន្ទាប់ពីហុងគ្រី និងស្លូវ៉ាគីលែងបោះឆ្នោតជំទាស់។ ប៉ុន្តែចំណុចសំខាន់នៃគម្រោងដាក់ទណ្ឌកម្មដែលនៅជាប់គាំងអស់រយៈពេលជាយូរនោះ (នោះគឺការបិទខ្ទប់ទាំងស្រុងនូវនាវាដឹកប្រេងរុស្ស៊ី) ត្រូវទុកឱ្យនៅចំហសិនរង់ចាំការព្រមព្រៀងពីក្រុមប្រទេសជី៧។

ការដាក់បម្រាមលើកនេះលើកនេះមានគោលដៅហាមឃាត់ក្រុមហ៊ុនរបស់សហភាពអឺរ៉ុបមិនឱ្យផ្ដល់សេវាផ្សេងៗដូចជាសេវាធានារ៉ាប់រង, សេវាដឹកជញ្ជូន ឬសេវាជួលកំពង់ផែសម្រាប់កប៉ាល់ដឹកប្រេងឆៅរបស់រុស្ស៊ីចូលចតជាដើម។ ស៊ុយអែត និងហ្វាំងឡង់ជាអ្នកនាំមុខគេខាងជំរុញឱ្យមានវិធានការនេះ។ ពួកគេលើកទឡ្ហីករណ៍ថាអនុវត្តវិធីនេះនឹងធ្វើឱ្យវិស័យប្រេងរុស្ស៊ីចំណាយថ្លៃដើមកាន់តែខ្ពស់, បង្ក្រាបការរីកសាយភាពនៃឯកសារក្លែងក្លាយ និងជួយធ្វើឱ្យការធ្វើប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនអឺរ៉ុបកាន់តែងាយស្រួល។

សហភាពអឺរ៉ុបក៏បានអនុម័តកញ្ចប់ថវិកា៩០ពាន់លានអឺរ៉ូផងដែរបន្ទាប់ពីហុងគ្រីលែងបោះឆ្នោតជំទាស់។ នីតិវិធីផ្សេងៗចាប់ផ្ដើមយកមកពិភាក្សាគ្នាកាលពីយប់មិញ ហើយបានឈានដល់ការមូលមតិគ្នាជាឯកច្ឆន្ទនៅថ្ងៃនេះ។ នៅក្នុងចំណោមសមាជិកសហភាពអឺរ៉ុបទាំងអស់ គ្មានប្រទេសណាមួយជំទាស់ទេ។ ដូច្នេះសំណើនេះអាចអនុម័តចេញរួចដោយគ្មានអ្វីរាំងស្ទះតទៅទៀត។

ការទម្លុះភាពទ័លច្រកលើកនេះកើតឡើង២ថ្ងៃបន្ទាប់ពីប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី ប្រកាសថាបំពង់បង្ហូរប្រេងដ្រាស់បា (Druzhba) ដែលនាំប្រេងឆៅពីរុស្ស៊ីទៅហុងគ្រី និងស្លូវ៉ាគីនោះបានជួសជុលរួចរាល់អស់ហើយ ហើយអាចបើកប្រតិបត្តិការបញ្ជូនប្រេងដោយគ្មានបញ្ហា។ បញ្ហារអាក់រអួលនៃការបង្ហូរប្រេងតាមដ្រាស់បានេះជាហេតុផលធំដែលអតីតនាយករដ្ឋមន្ត្រីហុងគ្រី លោកវីកទ័រ អ័របាន (Viktor Orban) យកធ្វើតឹកតាងសម្រាប់បោះឆ្នោតរាំងខ្ទប់មិនឱ្យសហភាពអឺរ៉ុបអនុម័តកញ្ចប់ជំនួយ៩០ពាន់លានអឺរ៉ូ។ ប៉ុន្តែឥឡូវនេះ លោកអ័របានក៏បានចាញ់ឆ្នោតបាត់ទៅហើយ៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ