រាជធានីភ្នំពេញ ៖ ដោយការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបានប្រតិបត្តិការផ្ទាល់ បោសសម្អាតអនាម័យក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ចំនួន ៧០៦នាក់ ទទួលបានអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជាជាមួយរដ្ឋបាលរាជធានីភ្នំពេញ ។
ពិធីចែកអំណោយខាងលើ បានធ្វើឡើងនាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងបរិវេណសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង ក្នុងឱកាសនោះបានថ្លែងនូវការអរគុណចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានជ្រើសរើសយករាជធានីភ្នំពេញ ធ្វើជាកន្លែងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ រយៈពេល៦ថ្ងៃ ពីថ្ងៃទី១៤ដល់១៩ មេសា កន្លងទៅនេះ ដែលបានបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ក្នុងគោលបំណងអបអរសាទរឆ្នាំថ្មី គាំទ្រផលិតផលខ្មែរ បង្ហាញពីសាមគ្គីភាព ក្រោមម្លប់សន្តិភាពប្រកបដោយសុខសុវត្ថិភាព ។
លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថា ព្រឹត្តតិការណ៌នគរសង្ក្រាន្ត រាជធានីភ្នំពេញ មានប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិចូលរួមអបអរសាទរ ចំនួន៦លាន៦សែន និង៧ម៉ឺននាក់ ដែលបានធ្វើឱ្យរាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ១ ។ ភាពជោគជ័យទាំងអស់នេះ គឺមិនអាចផ្តាច់បានពីការលះបង់របស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចរបស់យើង ពិសេស គឺបុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលប្រតិបត្តិការផ្ទាល់ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលធ្វើឱ្យនគរសង្ក្រាន្ត មានបរិស្ថានល្អស្អាតនិងស្រស់បំព្រង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា គោលបំណង បង្កើតឱ្យមានកម្មវិធីជួបជុំសំណេះសំណាលខាងលើនេះ គឺដើម្បីអរគុណចំពោះបុគ្គលិកសម្អាតអនាម័យ ទាំងរដ្ឋនិងក្រុមហ៊ុនឯកជន ក៏ដូចជាកងកម្លាំងប្រជាការពារទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងភាពសប្បាយរីករាយក្នុងគ្រួសារ មកបម្រើការងារនៅព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលធ្វើឱ្យនគរសង្ក្រាន្តទទួលបានជោគជ័យយ៉ាងធំធេង ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានរួមជាមួយកងកម្លាំងមានសមត្ថកិច្ចទាំងអស់ បានចិត្តដាក់ការពារក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ រយៈពេល៦ថ្ងៃកន្លងទៅនេះ សន្តិសុខពុំមានហេតុការណ៍ណាមួយបង្កជាគ្រោះថ្នាក់ធំដុំអ្វីឡើយ ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកដើរលេងកម្សាន្ត ដោយទឹកមុខសប្បាយរីករាយដោយស្នាមញញឹមមានសាមគ្គីភាពក្រោមម្លប់សន្តិភាព និងប្រកបដោយសុវត្ថិភាព ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ការបង្កើឱ្យមានព្រឹត្តិការណ៍នគរសង្ក្រាន្តនេះ យើងបានគិតគូវែងឆ្ងាយណាស់ ពាក់ព័ន្ធនិងទាហានជួរមុខ និងជនភៀសសឹក។ យើងសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី តែយើងមិនបានភ្លេចទាហានជួរមុខ និងជនភៀសសឹកឡើយ ។
ឯកឧត្តម ហ៊ុន ម៉ានី បន្តទៀងថា អំណោយដែលប្រគល់ជូនបុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបានប្រតិបត្តិការផ្ទាល់ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តនេះ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដោយក្នុង ០១នាក់ៗ ទទួលបាន អង្គរចំនួន ២៥ គីឡូក្រាម, ទឹកត្រី-ទឹកស៊ីអ៊ីវ ចំនួន ០១ យូរ (ស្មើ ០៦ដប), ទឹកបរិសុទ្ធចំនួន ០១កេស, ភេសជ្ជៈចំនួន ០១ កេស, មីចំនួន ០១ កេសតូច និងថវិកាចំនួន ៥០,០០០រៀល ៕










ចែករំលែកព័តមាននេះ