រាជធានីភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានឹងទទួលរងឥទ្ឋិពលខ្យល់ព្យុះជាង២០ទៀត ។សម្តេចបានចាត់ទុកថា នេះជាបាតុភូតធម្មជាតិ ហើយក៏បានអំពាវនាវកុំឲ្យប្រជាកសិករខ្មែរព្រួយបារម្ភខ្លំាងពេកចំពោះភាពរំាងស្ងួតនៅតាមតំបន់មួយចំនួន ព្រោះរដូវវស្សានៅវែងឆ្ងាយណាស់ ។ ប្រសាសន៍ថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះ គឺបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៥ សីហា ២០១២ ក្នុងឱកាសដែលសម្តេចតេជោបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងអនុបណ្ឌិតចំនួន៥.៥៥៩នាក់ នៃសាកលវិទ្យាល័យបៀលប្រាយ។
ក្នុងឱកាសនោះដែរ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានធ្វើការអំពាវនាវឲ្យនិស្សិត ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី១០ តុលា ឆ្នាំ២០១២ខាងមុខនេះ ។ សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាដែលគ្រប់អាយុបោះឆ្នោតត្រូវទៅចុះបញ្ជីឈ្មោះបោះឆ្នោត ហើយទៅចុះតែមួយកន្លែងបានហើយ កុំទៅចុះច្រើនកន្លែងនាំឲ្យមានឈ្មោះស្ទួនគ្នា ។ សម្តេចបានលើកឡើងថា យើងកុំបន្ទោសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បើយើងខ្លួនឯង សូម្បីតែឈ្មោះបោះឆ្នោតក៏មិនទៅមើលផងនោះ ។
ជាមួយគ្នានេះដែរ សម្តេចក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមគ្នាគោរពលទ្ធិប្រជាធិបតេយ្យ ដោយទៅចូលរួមបោះឆ្នោតជ្រើសតំាងអ្នកតំណាងរាស្រ្តអាណត្តិទី៥ឲ្យបានទាំងអស់គ្នា តាមកាលកំណត់ គឺនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៣ ៕
ចែករំលែកព័តមាននេះ