ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងនារីម្នាក់ទៀតស្លាប់ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារបើកម៉ូតូឌុបគ្នាទៅកៀរជាមួយម៉ូតូមួយគ្រឿងដួលទៅលើថ្នល់ត្រូវរថយន្តដឹកខ្សាច់បើកមកពីក្រោយជាន់ហ្វ្រាំងមិនទាន់កិនអ្នកទាំង២តែម្តង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៣ សីហា ២០១២ លើកំណាត់ផ្លូវលេខ១០៧កែងផ្លូវលេខ២០១ ត្រង់ចំណុចខាងមុខគ្លីនិកក្រុងតាខ្មៅ អតីតមន្ទីរពេទ្យកែវសាន ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
មន្ត្រីប៉ូលិសចរាចរក្រុងតាខ្មៅ បានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ភ្លាមៗក្នុងហេតុការណ៍នេះឈ្មោះជា សាលី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិប្រធាតុ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល និងនារីម្នាក់ទៀតជាអ្នករួមដំណើរជាមួយរងរបួសធ្ងន់ ហើយបានស្លាប់ពេលដែលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យនោះមានឈ្មោះស្រ៊ន សុងហេង អាយុ២៤ឆ្នាំ មានទីលំនៅភូមិអន្លុងតាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ចំណែកអ្នកបើករថយន្តកិនជនរងគ្រោះខាងលើ បណ្តាលឱ្យស្លាប់នោះមានឈ្មោះអឿន បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ រថយន្តបែនដឹកខ្សាច់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ។ ក្រោយពេលកើតហេតុប៉ូលិសចរាចរក្រុងតាខ្មៅបានចុះទៅដល់កន្លែងកើតហេតុចាប់ឃាត់រថយន្ត និងអ្នកបើកបរយកទៅកាន់អធិការដ្ឋាន និងបានបញ្ជូនជនរងគ្រោះម្នាក់ទៅកាន់មន្ទីរពេទ្យបានរាជធានីភ្នំពេញ តែដោយសាររបួសធ្ងន់ធ្ងរពេកជនរងគ្រោះបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ