ខេត្តស្វាយរៀង ៖ ថ្ងៃទី១៤ សីហា ២០១២ វេលាម៉ោង១០ព្រឹកនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត មានភ្ញៀវទេសចរបរទេសចូលមកកម្ពុជាជាង១០០នាក់ ឆ្លងកាត់ទៅរាជធានីភ្នំពេញ និងទៅកម្សាន្តនៅតំបន់ទេសចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា។
បើតាមលោកវរសេនីយ៍ទោ អឹុង សុងយូ ប្រធានអង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានឱ្យដឹងថា បើគិតរយៈពេល៩ខែ ក្នុងឆ្នាំ ២០១២ នេះគឺភ្ញៀវទេសចរមានការកើនឡើង ។ លោកវរសេនីយ៍ទោបន្តថា បើគិតចាប់ពីថ្ងៃទី១ វិច្ឆិកា ២០១១ មកដល់ថ្ងៃទី៣១ កក្កដា ២០១២ រយៈពេល៩ខែ ភ្ញៀវទេសចរចូលមកតាមច្រកទ្វារអន្តរជាតិបាវិតនេះមានចំនួន៥៤៦.៩២៥នាក់ ស្រី២២២.៥៤៧នាក់ បើប្រៀបធៀប៩ខែ នៅឆ្នាំ២០១១ មាន៤៧៤.៤១៤នាក់ គឺកើនឡើងចំនួន៧២.៥១១នាក់ ស្មើនឹង១៣,២៥ភាគរយ ។ ភ្ញៀវទេសចរចេញពីកម្ពុជាចូលទៅវៀតណាម ចំនួន៥០០.១៥០នាក់ ស្រី២០៥.៣៩៥នាក់ បើប្រៀបធៀប៩ខែដើមឆ្នាំ២០១១ ចំនួន៤៥២.៣៩៧នាក់ កើន៤៧.៧៥៣នាក់ ស្មើនឹង០៩,៥៤ភាគរយ ។ ភ្ញៀវទេសចរទាំងអស់នេះគឺភាគច្រើនជាជនជាតិវៀតណាម ចំណាត់ថ្នាក់ទី១ ចំណាត់ថ្នាក់ទី២ កូរ៉េ, ចំណាត់ថ្នាក់ទី៣ គឺជប៉ុន និងចិន បន្ទាប់មកមានចម្រុះជាតិសាសន៍ ។
លោកអឹុង សុងយូ បន្តទៀតថា មូលហេតុដែលភ្ញៀវទេសចរចូលមកព្រះរាជាណាចក្រកម្ពុជាកើនឡើងនេះ គឺដោយសារតែមានសណ្តាប់ធ្នាប់សាធារណៈល្អ មន្ត្រីការពារ និងត្រួតពិនិត្យតាមច្រកទ្វារអន្តរជាតិ ធ្វើការងារបម្រើភ្ញៀវបានល្អ ឆាប់រហ័ស ជាពិសេសការបម្រើសេវាសាធារណៈបានល្អធ្វើឱ្យភ្ញៀវមានទំនុកចិត្តមិនមានការថ្នាំងថ្នាក់ពីភ្ញៀវ៕
ចែករំលែកព័តមាននេះ