ខេត្តប៉ៃលិន ៖ មនុស្សប្រុសស្រីចំនួន២នាក់បានផឹកថ្នាំពុលប៉ុនប៉ងធ្វើអត្តឃាតបញ្ចប់ជីវិតកាលពីថ្ងៃទី១១ សីហា កន្លងទៅនេះ ប៉ុន្តែនៅកន្លែងដោយឡែកពីគ្នា ។ ករណីទី១ បុរសចំណាស់ម្នាក់ឈ្មោះ សួស សុង អាយុ៤៩ឆ្នាំ រស់នៅភូមិអូរច្រាលិច សង្កាត់ ទួលល្វា ក្រុងប៉ៃលិន បានផឹកថ្នំាពុលបាញ់ស្មៅប្រភេទទឹកឃ្មុំអស់ជិត១លីត្រប៉ងធ្វើអត្តឃាត ដោយសារតែជំងឺសរសៃប្រសាទរើឡើងវិញ។
ហេតុការណ៍ផឹកថ្នាំពុលនេះបានកើតឡើងនាវេលាម៉ោង២រំលងអធ្រាត្រនៅក្នុងផ្ទះរបស់ខ្លួនក្នុងភូមិ-សង្កាត់ខាងលើ លុះដល់ម៉ោង៦ព្រឹក ទើបកូនស្រីម្នាក់ឈ្មោះ ម៉ាយ រដ្ឋា អាយុ១៨ឆ្នាំ ដឹងថាឪពុកផឹកថ្នាំពុលក៏ឲ្យបងប្អូននិងអ្នកជិតខាងដឹកតាមម៉ូតូ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយគ្រូពេទ្យក៏បានលាងក្រពះឱ្យ ។
ស្រ្តីឈ្មោះបាក់ រ៉េន អាយុ៤៥ឆ្នាំ ជាប្រពន្ធបានឲ្យដឹងថា ប្តីគាត់គឺជាអតីតទ័ពខ្មែរក្រហម បានពិការជើងខាងឆ្វេងកាលពីឆ្នាំ១៩៨២ក្នុងសង្រ្គាម ដោយសារដើរជាន់មីននៅព្រំដែនកម្ពុជា-ថៃ។ ក្រោយពីដាច់ជើងខាងឆ្វេងមក ប្តីគាត់ក៏នៅតែបន្តជាទ័ពខ្មែរក្រហមដដែល រហូតដល់ពេលធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលចប់សង្គ្រាម ទើបប្តីគាត់ឈប់ធ្វើទ័ព ហើយរស់នៅធ្វើជាកសិករធម្មតាវិញ។ ប្រភពដដែលបន្តថា ដោយសារតែត្រូវរបួសពិការជើងម្ខាង ហើយរូបគាត់មិនដែលបានចាក់ថ្នាំការពារជំងឺតេតាណូស ក៏មានបញ្ហាសរសៃប្រសាទ ហើយមកដល់ខែមីនា ឆ្នាំ២០១២ ស្រាប់តែជំងឺរបស់គាត់រើឡើង ដោយធ្វើឲ្យវង្វេងវង្វាន់ស្មារតីដើរទាំងយប់ទាំងថ្ងៃ និយាយពីនេះពីនោះ និងត្រូវបានគាត់ជាប្រពន្ធនិងកូនដើរតាមរកនាំមកដាក់ក្នុងផ្ទះអស់រយៈពេល៥ថ្ងៃទើបដឹងខ្លួនធម្មតាឡើងវិញ។
នៅមុនថ្ងៃកើតហេតុជំងឺសរសៃប្រសាទនេះបានរើឡើងវិញម្តងទៀត ធ្វើឱ្យប្តីគាត់ដើរអស់រយៈពេល១យប់១ថ្ងៃ លុះយប់ឡើងពេលប្តីគាត់សម្ងំដេកនៅលើគ្រែក្នុងផ្ទះស្មានថាប្តីមិនទៅណាទើបបិទភ្លើង រួចក៏សម្រាកលង់លក់ទាំងអស់គ្នាទៅ។ ដោយផ្ទះគាត់និងផ្ទះមេភូមិនៅជិតគ្នាយប់នោះប្តីគាត់ក៏ចូលទៅលួចយកថ្នាំពុល ដែលមេភូមិដាក់នៅក្នុងផ្ទះយកមកផឹកនៅវេលាម៉ោង២រំលងអធ្រាត្រ រួចមកសម្ងំដេកនៅលើគ្រែក្នុងផ្ទះរបស់ខ្លួនវិញ លុះព្រឹកឡើងដោយមានការក្អួតចង្អោរ ហើយធុំក្លិនថ្នាំពុល កូនស្រីគាត់ម្នាក់ឈ្មោះ ម៉ាយ រដ្ឋា អាយុ១៨ឆ្នាំ មកសួរនាំក៏បានប្រាប់ថា មិនបាច់ដឹកគាត់ទៅមន្ទីរពេទ្យទេ ឥឡូវនេះរូបគាត់បានផឹកថ្នាំពុលជ្រាបចូលដល់ក្នុងខ្លួនអស់ទៅហើយ។ គ្រាន់តែឮដូច្នេះរូបគាត់ជាប្រពន្ធនិងកូនព្រមទាំងអ្នកជិតខាងក៏លើកដាក់លើម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាម ដើម្បីឱ្យគ្រូពេទ្យលាងក្រពះជម្រះជាតិថ្នាំ ។
ករណីទី២ ស្រ្តីវ័យក្មេងម្នាក់ឈ្មោះ សម្បត្តិ រី ហៅប៉ច អាយុ២៣ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានផឹកថ្នាំពុលប្រភេទទឹកខៀវអស់កន្លះលីត្រប៉ងធ្វើអត្តឃាត ព្រោះតែតូចចិត្តនឹងប្តីស្តីបន្ទោសពីរឿង នាងលេងល្បែង និងផឹកស្រាជារៀងរាល់ថ្ងៃឥតឈប់ តែសំណាងល្អបានអ្នកជិតខាងឃើញក៏ទូរស័ព្ទប្រាប់ប្តីឱ្យមកដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្ត ហើយគ្រូពេទ្យបានលាងជម្រះជាតិថ្នាំពុលអស់ហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀលនៅក្នុងផ្ទះរបស់ខ្លួននៅភូមិ-ឃុំខាងលើ ឯបុរសជាប្តីឈ្មោះពែក វ៉ិត អាយុ២៧ឆ្នាំ និងមានកូនប្រុសម្នាក់ ឈ្មោះវ៉ិត វ៉ៃ អាយុ២ឆ្នាំ។
ស្រ្តីឈ្មោះស៊ី វ៉េត អាយុ៥៦ឆ្នាំ ត្រូវជាម្តាយក្មេកបានរៀបរាប់ថា នៅមុនថ្ងៃកើតហេតុប្តីរបស់នាងបានស្តីបន្ទោសខ្លាំងៗថា គេខិតខំទៅធ្វើការរកលុយដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ចំណែកប្រពន្ធនៅផ្ទះវិញគិតតែពីដើរផ្ទះគេ លេងល្បែង និងផឹកស្រាឥតមានពេលស្រាក ហើយក្រោយពីប្រកែកគ្នាអស់មួយសន្ទុះធំ ប្តីក៏ចេញទៅធ្វើការស៊ីឈ្នួលដាំដំឡូងមីឲ្យគេនៅឯចម្ការបាត់តាំងពីព្រឹក ។ លុះដល់វេលាម៉ោង១និង១០នាទីរសៀល ដោយគ្មានអ្នកណានៅផ្ទះ ស្រាប់ តែកូនប្រសាចិត្តខ្លាំងម្នាក់នេះយកថ្នាំពុលទឹកខៀវដែលទុកនៅក្នុងផ្ទះសម្ងំផឹកអស់ជិតមួយលីត្រ រួចក៏ក្អួតចង្អោរចេញសុទ្ធតែថ្នាំពណ៌ខៀវ ទើបអ្នកជិតខាងម្នាក់ឃើញទូរស័ព្ទប្រាប់គាត់ និងកូនប្រុសដែលកំពុងធ្វើការដាំដំឡូងមីឱ្យថៅកែម្នាក់នៅឯចម្ការមកដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
លោកគ្រូពេទ្យបានប្រាប់ថា អ្នកផឹកថ្នាំពុលទាំង២នាក់នេះគ្មានសង្ឃឹមរស់ទេ ព្រោះពួកគេក្អួតមកសុទ្ធតែជាតិថ្នាំពុលបែកប្រមាត់ថ្លាន់ ពណ៌ខៀវអស់រលីងទៅហើយ។ ចំណែកស្រ្តីវ័យក្មេងវិញដោយថ្នាំធ្វើទុក្ខខ្លាំង ស្រែកយំហើយថា ក្តៅខ្លាំងណាស់ៗ ទោះបីជាបែបណា ក៏គ្មានអ្នកណាអាចជួយនាងបាន ព្រោះថ្នាំនេះបានកាត់ក្រពះពោះវៀន និងកន្លែងផ្សេងៗ ទៀតអស់ទៅហើយ។ លោកគ្រូពេទ្យបានបញ្ជាក់ទៀតថា នៅស្រុកថៃពេលមានអ្នកផឹកថ្នាំពុលប្រភេទទឹកឃ្មុំ និងទឹកខៀវ គ្រូពេទ្យមិនព្យាបាលទេ ដោយគ្រាន់តែលាងក្រពះឲ្យ រួចត្រឡប់ទៅផ្ទះវិញ ដោយប្រាប់ថាគ្មានថ្នាំបន្សាបព្យាបាលឡើយ ។ ខេត្តប៉ៃលិនកំពុងតែឈានមុខជុំវិញការផឹកថ្នាំពុលធ្វើអត្តឃាតដែលកាន់តែកើនឡើងដូច្នេះគេគួររកវិធានការគ្រប់គ្រងថ្នាំពុលឱ្យបានប្រសើរជាងនេះ ៕
ចែករំលែកព័តមាននេះ