ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​ឆ្លាម​​​បុកគុប​ជ្រុង​​​អូស​ជា​ង​​100ម៉ែត្រ​​​របួស​ធ្ងន់​​​រថយន្ត​រត់​​បាត់​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​ ៖ រថយន្តកាមរី​​​ឆ្លាម​ ពណ៌​ខ្មៅ​មួយគ្រឿង​ បើក​បុក​ម៉ូតូ​​​គុប​ជ្រុង​​៩០​ ពណ​៌​ទឹក​ប្រាក់​​​អូស​ម៉ូូតូ​​​ជាង​​១០០​ម៉ែត្រ​ ចំណែក​អ្នក​បើក​​​ម៉ូតូ​អូស​​ប្រមាណ​​​៥០​ម៉ែត្រ​​​​ទើប​ខ្ទាត​ចេញ​ពី​រថយន្ត​រង​របួស​ធ្ងន់​​​ ហើយ​រថយន្ត​​បើក​រត់​បាត់​កាល​ពី​វេលាម៉ោង​​​១១និង​​៣០​នាទី​​យប់ថ្ងៃទី​​១២​ សីហា​ តាម​មហា​វិថី​​ព្រះ​សីហនុ​​​កែង​​ផ្លូវ​​​​​​លេខ​​​៥១ មុខ​វត្ត​លង្កា ក្នុង​សង្កាត់​​​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការ​មន ។

​សាក្សី​​និយាយ​ថា មុន​ពេល​កើតហេតុ​​ម៉ូតូ​គុប​ជ្រុង​​ ពណ៌​ទឹក​ប្រាក់​ បើក​បរ​ដោយ​យុវជន​​ម្នាក់​តាម​​​ផ្លូវ​​លេខ​៥១​ ពីជើង​​ទៅ​ត្បូង​ ក្នុង​ល្បឿន​ធម្មតា ចំណែក​រថយន្ត​​​កាមរី​​ឆ្លាម​ ពណ៌​ខ្មៅ បើក​តាម​មហា​វិថី​​​ព្រះ​សីហនុ​​ពី​លិច​ទៅ​កើតយ៉ាង​លឿន​​ ខណៈ​មកដល់​ចំណុច​​ផ្លូវ​កែង​​រថយន្ត​ឆ្លង​ផ្លូវ​ទៅ​បុក​​ម៉ូតូ​ពេញ​ទំហឹង​​​អូស​ទាំង​ម៉ូតូ​​​​ និង​មនុស្ស​ជាប់​ជាមួយ​រថយន្ត​ តែមនុស្ស​​​អូស​ប្រមាណ​​​​៥០​ម៉ែត្រ​​​​ទើប​របូត​ចេញ​ធ្លាក់​នៅ​កណ្តាល​​ផ្លូវ​រង​របួស​ធ្ងន់​ធ្ងរ​​​ ចំណែក​ម៉ូតូ​​អូស​ជាប់​ជាមួយ​រថយន្ត​ប្រមាណ​​​ជាង​១០០​​ម៉ែត្រ​​ទើប​ជ្រុះ​​​​ហើយ​រថយន្ត​​បង្ក​បាន​បន្ថែម​​​ល្បឿន​រត់​គេច​បាត់​ស្រមោល​ ។ ក្រោយពេល​កើតហេតុ​​​អ្នក​​នៅ​ក្បែរ​នោះ​​​​បាន​នាំគ្នា​ជិះដេញ​តាម​រថយន្ត​ដែរ តែ​រថយន្ត​នោះ​បើក​លឿនគេច​​​​ចុះ​គេច​ឡើង​​​ក៏​បាត់​ដាន​​តាម​លែង​​​ទាន់​ ។

ជន​រងគ្រោះ​​​មិនត្រូវ​​បាន​គេ​ស្គាល់​​អត្ត​សញ្ញាណ​ទេ​បាន​បោក​ក្បាល​​​ហូរ​ឈាម​​​​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​​​នៅ​មន្ទីរពេទ្យ​​កាល់​ម៉ែត​ ។ ចំណែក​​​ម៉ូតូ​អូស​​​​ជាប់​ជាមួយ​រថយន្ត​​ទម្រាំ​​តែ​ជ្រុះ​​ចេញ​ខូច​ខាត​ស្ទើរ​​ទាំង​ស្រុង​ ត្រូវ​សមត្ថ​កិច្ច​​​យក​ទៅរក្សា​ទុក​នៅ​ខណ្ឌ​ចំការ​មន​​​ រួច​ស្រាវ​​ជ្រាវ​​រក​រថយន្ត​បង្ក​​យក​មក​ដោះ​ស្រាយ​​តាមផ្លូវ​ច្បាប់ ៕