ជនជាតិភាគតិចនៅភូមិភាគឦសាននិយមរស់នៅដោយដុំៗ មួយកន្លែងចាប់ពី៥ ទៅ៦ផ្ទះតាមទីទួល ទីទំនាបក្បែរមាត់អូរក្នុងព្រៃរបោះ ព្រៃស្រោង តាមជ្រលង តាមចង្កេះភ្នំ និងជើងភ្នំ ។ ពួកគេនិយមសាងសង់ផ្ទះរាងដូចស្នូកអណ្តើកដែលភាសាជនជាតិហៅថា ហ្ជញហ្ជៃ ។
បើតាមចាស់ៗរស់នៅក្នុងភូមិ និងឯកសាររបស់មន្ទីរវប្បធម៌ខេត្តមណ្ឌលគិរីឲ្យដឹងថា គំរូ ផ្ទះមានសណ្ឋានរាងមូលដូចស្នូកអណ្តើក និង មានសសរ៦ សង់នៅផ្ទាល់ដី និងមានប្រវែង បណ្តោយចាប់ពី៥ទៅ៦ម៉ែត្រ ទទឹង៤ទៅ៥ម៉ែត្រ ជញ្ជាំងកំពស់១,២០ទៅ១,៥០ម៉ែត្រ កម្ពស់ដំបូលពីដីប្រហែល៣,៤ម៉ែត្រ ប្រក់ស្លឹក ឬស្បូវក្រងជាផ្ទាំងៗលើកប្រក់តាមដំបូលរាងមូល។
ប្រភពដដែលបន្តថា ផ្ទះបែបនេះមានទុកមាត់ទ្វារ ឬច្រកចេញចូលចំនួនពីរសងខាងបណ្តោយផ្ទះមានទទឹងមុខទ្វារ ០,៧ទៅ០,៨ម៉ែត្រ ឬ១ម៉ែត្រ កម្ពស់ទ្វារប្រវែង១,២០ទៅ ១,៥០ម៉ែត្រ ។ នៅក្នុងផ្ទះនិយមដាក់គ្រែវែង សងខាងដោយទុកចន្លោះផ្លូវដើរចំកណ្តាលប្រហែលពី១,៥០ម៉ែត្រ ទៅ២ម៉ែត្រ ។ នៅក្រោមដំបូលចំកណ្តាលផ្ទះ គេច្រើនធ្វើធ្នើរជាជង្រុកដាក់ស្រូវរាងបួនជ្រុងទំហំ១,៥០ម៉ែត្រគុណនឹង២ម៉ែត្រ កម្ពស់ប្រហែលជាង១ម៉ែត្រ ដើម្បីផ្ទុកស្រូវដែលប្រមូលបានមកពីស្រែ ។
ជង្រុកនេះមានសសរប៉ុនភ្លៅចំនួនបួនដើមទ្ររហូតដល់ដំបូល ។មានចង្ក្រាននៅពីក្រោមជង្រុកដាក់ស្រូវ ដែលក្រៅពីចំអិនអាហារអាចជួយការពារសត្វល្អិតមិនឲ្យស៊ីគ្រឿងផ្ទះ និងស៊ីស្រូវនៅក្នុងជង្រុក និងអាចជួយផ្តល់កម្តៅនៅរដូវរងា ។គ្រឿងសំណង់ដែលត្រូវយកសាងសង់ផ្ទះមានដូចជា កូនឈើមូលត្រង់ត្រូវកាប់យកមក រួចវ៉ៃសម្បកចេញឲ្យស្អាត និងយកទៅត្រាំទឹកដើម្បីកុំឲ្យសត្វល្អិតស៊ី ។
ប្រភេទកូនឈើដែលយកមកធ្វើជាគ្រឿងមាន ស្រឡៅ សុក្រំ ប្ញស្សីថ្ង ប្ញស្សីឃ្លៃ ឯប្ញស្សីពកយកទៅត្បាញធ្វើជាជញ្ជាំង ដើមល្ងៀងធ្វើជារបា ចំណែកប្ញស្សីថ្ងពុះច្រៀកប៉ុនម្រាមដៃ យកមកក្រងធ្វើជារនាបគ្រែ ឯរនូតគ្រែ និងបង្កង់ដំបូលច្រើនធ្វើពីប្ញស្សីឃ្លៃ។ ចំណែកផ្តៅ រពាក់ និងវល្លិផ្សេងៗទៀត ធ្វើជាខ្សែចងគឺមិនប្រើដែកគោលទេ ៕
ចែករំលែកព័តមាននេះ