រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណ២០០នាក់ ដែលអះអាងថាជាតំណាងឱ្យ៣៧០គ្រួសារមកពីភូមិស្រយ៉ង់ខាងជើងនិងភូមិស្រយ៉ង់ខាងត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានចោទអាជ្ញាធរស្រុកគូលែន និងប្រធានមន្ទីររៀបចំដែនដីខេត្តថា រារាំងក្រុមយុវជនស័្មគ្រចិត្តមិនឱ្យវាស់វែងដីជូនពួកគាត់ទើបពួកគេនាំគ្នាមកប្រមូលម្តុំនៅក្រោមដើមពោធិ៍មុខវត្ត បទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី៦ សីហា ដើម្បីសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោហុ៊ន សែន ផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់ដល់ពួកគាត់ផង ។
យោងតាមញតិ្តរបស់ប្រជាពលរដ្ឋមកពីភូមិទាំង២ខាងលើ ដែលមានចុះហត្ថលេខាមេភូមិនិងមេឃុំ ហើយដាក់ជូនខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន កាលពីព្រឹកថ្ងៃទី៦ សីហា បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន៣៧០គ្រួសារបានមករស់នៅក្នុងភូមិស្រយ៉ង់ខាងជើងនិងភូមិស្រសង់ ខាងត្បូង ស្ថិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារតាំងពីឆ្នាំ១៩៩៨ ព្រមទាំងបានសាងសង់ផ្ទះ ដាំដំណាំហូបផ្លែរហូតមក ដោយសន្តិភាព សុចរិត និងបានដឹងឮជាសាធារណៈ ស្របតាមច្បាប់ភូមិបាល មិនដែលមានបុគ្គលណាមកជំទាស់ឡើយនិងមានអាជ្ញាធរមូលដ្ឋានដឹងឮនិងទទួលស្គាល់ត្រឹមត្រូវ ។ ញត្តិដដែលចែងថា លុះមកដល់ឆ្នាំ២០១១ អភិបាលស្រុកគូលែន បានចេញសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៦៤ រុះរើផ្ទះសម្បែងចេញចាប់ពីព្រំប្រទល់ខេត្តសៀមរាបរហូតដល់អូរពោធិ៍ ខេត្តព្រះវិហារ តាមអំណាចសេចក្តីជូនដំណឹងលេខ៦០៣ ស.ជ.ណ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
ការឱ្យរុះរើនេះដោយសំអាងថា ដីនោះស្ថិតក្នុងដីកាដកហូតលេខ ៤៨-៤៩-៥៣-៥៤ របស់សាលាខេត្តព្រះវិហារ ដើម្បីយកដីឈូសឆាយធ្វើដីសម្បទានសង្គមកិច្ចដែលគម្រោងដីសម្បទានសង្គកិច្ចសរុបមានទំហំ៥.៥៥៧ហិកតា សម្រាប់ចែកជូនគ្រួសារកងទ័ពនិងយោធិនចូលនិវត្តន៍ ។ ក្នុងញតិ្តនោះដែរ ក៏បានសុំឱ្យសម្តេចអគ្គមហាសេនាបតីតេជោហុ៊ន សែន ជួយអន្តរាគមន៍ទៅអាជ្ញាធរខេត្តព្រះវិហារបញ្ឈប់ការឈូសឆាយដីស្រែចម្ការនិងសុំសម្តេចជួយសម្រួលដីធ្លីរបស់ប្រជាពលរដ្ឋក្នុងភូមិស្រយ៉ង់ខាងជើងនិងភូមិស្រយ៉ង់ខាងត្បូង កាត់ចេញពីដីកាដកហូតលេខ៤៨-៤៩-៥៣-៥៤ របស់អាជ្ញាធរខេត្តព្រះវិហារ ដើម្បីឱ្យប្រជាពលរដ្ឋអាចរស់នៅស្របច្បាប់ព្រោះប្រជាពលរដ្ឋបានមករស់នៅក្នុងភូមិខាងលើជាង១០ឆ្នាំមកហើយ ។
ប្រជាពលរដ្ឋដែលមកសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោហុ៊ន សែន នៅមុខវត្តបទុមវតីបានបញ្ជាក់ថា អាជ្ញាធរបានឃុបឃិតជាមួយយោធានៅតំបន់នោះយកដីរបស់ពួកគាត់នៅភូមិស្រយ៉ង់ខាងជើង និងភូមិស្រយ៉ង់ខាងត្បូងដាំដំណាំរបស់ខ្លួនឯង ព្រមទាំងហាមឃាត់មិនឱ្យក្រុមយុវជនស័្មគ្រចិត្តវាស់វែងដីជូនប្រជាពលរដ្ឋទៀតផង ។ ដោយយល់ឃើញថាមិនអាចទទួលយកបាននូវអំពើអយុត្តិធម៌នេះ ទើបពួកគាត់នាំគ្នាមកកាន់ភូមិគ្រឹះសម្តេចអគ្គមហាេសនាបតីតេជោ ហុ៊ន សែន នៅក្បែរវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ប្រយោជន៍សុំឱ្យសម្តេចតេជោជួយឱ្យក្រុមយុវជនស័្មគ្រចិត្តវាស់វែងដីចេញប្លង់កម្មសិទ្ធិស្របច្បាប់ឱ្យប្រជាពលរដ្ឋទាំងពីរភូមិខាងលើដោយក្តីមេត្តា ។
នៅព្រឹកថ្ងៃដដែល ក្រុមលេខាខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោហុ៊ន សែន បានមកទទួលញតិ្តពីប្រជាពលរដ្ឋដែលមកពីភូមិទាំង២ខាងលើនេះ តែមិនបានអះអាងពីដំណោះស្រាយបែបណានោះទេ ហើយនៅក្នុងខណៈនោះក៏មានមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់មកណែនាំប្រជាពលរដ្ឋខាងលើដែរ តែមិនទាន់ប្រាប់ឱ្យដឹងពីដំណោះស្រាយបែបណានោះទេ ។
ដោយឡែក នៅព្រឹកនោះដែរ គេឃើញលោកសួស យ៉ារ៉ា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានមកជួបក្រុមប្រជាពលរដ្ឋ និងសំណូមពរឱ្យពួកគាត់ត្រឡប់ទៅផ្ទះសម្បែងវិញសិន រង់ចាំដំណោះស្រាយនៅពេលក្រោយ ។ លោកអនុរដ្ឋលេខាធិការបានជម្រាបទៅបងប្អូនប្រជាពលរដ្ឋទាំងនោះថា នៅថ្ងៃទី៩ សីហា ខាងមុខ នឹងមានគណៈកម្មការចម្រុះមួយដែលរួមមានមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី អាជ្ញាធរដែនដី និងមន្ត្រីស្ថាប័នពាក់ព័ន្ធនឹងចុះទៅកាន់តំបន់ខាងលើដើម្បីពិភាក្សារកដំណោះស្រាយសំណូមពរនេះ ៕
ចែករំលែកព័តមាននេះ